(សៀមរាប)៖ ជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកប្រកបរបរទាក់ទងនឹងវិស័យទេសចរក្នុងខេត្តសៀមរាប បានងាកទៅប្រកបរបរផ្សេងៗ ដើម្បីទប់ទល់នឹងជីវភាពនៅក្នុងគ្រួសារ រីឯសណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់សំភារៈអនុស្សាវរីយ៍ ស្ទើរតែទាំងអស់ត្រូវបង្ខំចិត្តបិទទ្វារ ដោយមិនមានភ្ញៀវទេសចរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក អោម គឹមសាន ដែលរស់នៅក្នុងក្រុងសៀមរាប និងជាអ្នកប្រកបរបររត់រឺម៉កម៉ូតូកង់បីជាង១០មកហើយ នៅតំបន់ផ្សារចាស់ (Pub Street) បានលើកឡើងថា បន្ទាប់ជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ ហើយរាជរដ្ឋាភិបាលបានសម្រេចឲ្យបើកប្រទេសឡើងវិញ ប៉ុន្តែចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅមិនទាន់មានសន្ទុះខ្លាំនៅឡើយ។ ចំពោះភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់ផ្សារចាស់ បើតាមការសង្កេតរបស់លោក ភ្ញៀវទេសចរដែលមកកម្សាន្ត នៅតំបន់ផ្សារចាស់(Pub Street) អាចបានប្រហែល៣០ភាគរយ ដោយភោជនីយដ្ឋាន និងហាងលក់សំភារៈអនុស្សាវរីយ៍មួយចំនួន នៅមានមិនទាន់បើកដំណើរការនៅឡើយ។

និយាយទាំងទឹកមុខស្ងួត លោក អោម គឹមសាន បានបន្តថា ក្នុងអំឡុងពេលជំងឺកូវីដ១៩ផ្ទុះខ្លាំង ហើយសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់សំភារៈអនុស្សាវរីយ៍ និងផ្សារមួយចំនួនត្រូវបានបិទដោយរដ្ឋបាលខេត្តសៀមរាប បានដាក់ជាតំបន់ក្រហមមិនអនុញ្ញាតឲ្យចេញចូលជាដាច់ខាត។ ដោយឡែក អ្នកប្រកបរបរទាក់ទង់នឹងវិស័យទេសចរទាំងអស់ក្នុងខេត្តសៀមរាប បានងាកទៅរកមុខរបរផ្សេងៗ ដើម្បីទប់ទល់នឹងជីវភាពក្នុងគ្រួសារ។ រីឯលោកក៏បានទៅធ្វើការសំណង់ដែរ ដោយលោកមិនធ្លាប់ធ្វើសោះ ក្នុងមួយថ្ងៃគេតម្លៃពលកម្ម២៨០០០រៀល ហើយកន្លែងខ្លះទៀតបានថោកជាងនេះក៏មានដែរ។

ចំណែកលោក រើន រ៉ា ដែលកំពុងអង្គុយចុចទូរស័ព្ទលើរឺម៉កម៉ូតូ បានឱ្យដឹងថា លោកប្រកបរបររត់រឺម៉កម៉ូតូកង់បីតាំងពីឆ្នាំ២០១២មកហើយ ដោយរៀនមិនបានច្រើន ហើយក៏មិនដឹងទៅធ្វើការងារអ្វី ទើបសម្រេចប្រកបរបរនេះ ហើយក៏បន្តរលូនរហូតមកដល់សព្វថ្ងៃ។

ប៉ុន្តែក្នុងអំឡុងពេលជំងឺកូវីដ១៩រីករាលដាល លោកបានងាកទៅរកការងារសំណង់នៅរាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ តែជាអកុសលទៅធ្វើការបានរយៈពេល០៥ខែ ខែដំបូងគេបើកប្រាក់ខែឱ្យ ប៉ុន្តែខែបន្ទាប់មកទៀតគេមិនបានបើកឱ្យនោះទេ សូម្បីតែលុយហូបបាយក៏មិនមានដែរ ដូច្នេះហើយទើបសម្រេចចិត្តត្រឡប់មកខេត្តសៀមរាបវិញ ដោយអ្នកផ្ទះផ្ញើលុយឲ្យសម្រាប់ជិះឡានត្រឡប់វិញផងដែរ។

ទន្ទឹមនឹងនោះលោក ហ៊ាន ហុង ដែលប្រកបរបរនេះរយៈពេលជិត១៥ឆ្នាំហើយ ក៏លើកឡើងមិនខុសគ្នានោះដែរ ដោយលោកបានរៀបរាប់ថា បន្ទាប់ពីជំងឺកូវីដ-១៩ត្រូវបានរាជរដ្ឋាភិបាលបានបិទបញ្ចប់ក្តី តែសន្ទុះនៃភ្ញៀវទេសចរនៅមិនទាន់ល្អប្រសើរនូវឡើយនោះទេ សម្រាបខេត្តសៀមរាប។ សព្វថ្ងៃនេះ លោករកចំណូលបានខ្ពស់បំផុតត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណេះ ដោយថ្ងៃខ្លះរកមិនបានសោះក៏មានដែរ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកម្សាន្តក្នុងខេត្តសៀមរាប ចំពោះការចាយវាយមានការរឹតត្បិតជាងពីមុន ដោយលោកគិតថា ប្រាក់ចំណូលនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ក៏មានការពិបាកផងដែរ។

ជាមួយនេះដែរ លោកក៏សង្ឃឹមថា នៅពេលព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នៅស្រុកសូទ្រនិគម រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខ នឹងមានភ្ញៀវទេសចរជាតិ និងអន្តជាតិ មកកម្សាន្តក្នុងខេត្តសៀមរាបច្រើនដូចមុន ហើយសេវាកម្មទេសចរទាំងអស់ និងបើកដំណើរធម្មតាឡើងវិញ ហើយអ្នករត់រឺម៉កម៉ូតូកង់បីក៏មានភ្ញៀវជិះច្រើនផងដែរ៕