(ហាណូយ)៖ នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយថ្មីៗនេះ កម្ពុជាក៏ទើបទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM។

ការសម្តែងនូវការអបអរសាទរបែបនេះ របស់នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូននាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាមួយនឹងបណ្តាស្ថាប័ន-កងឯកភាពជាច្រើន នៃកងទ័ពប្រជាជនវៀតណាម តាមរយៈសកម្មភាពជាច្រើន ទាំងការអប់រំបណ្តុះបណ្តាលធនមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូ, លំហាត់ហ្វឹកហ្វឺនរួម, ការផ្តល់ជំនួយយោធា និងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព និងអង្គភាព។

ឆ្លងតាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានស្នើសុំរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ និងរីករាយចំពោះទំនាក់ទំនងដែលបានឈានឡើងដល់កម្រិត ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោកកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីការពារជាតិលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ និងកិច្ចប្រជុំត្រីភាគីរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ឡាវ-វៀតណាម (CLV) ព្រមទាំងការត្រៀមធ្វើលំហាត់រួមត្រីភាគីស្ដីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណា នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង ក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។

ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕