(ភ្នំពេញ)៖ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលព្រៃឈើធានាលើការដាំដុះកូនឈើ នៅភ្នំតាម៉ៅ ឡើងវិញ ដោយប្រើប្រាស់ពេល១ខែ។

លោកបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងាររបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះរៀបចំការងារដាំឈើទ្បើងវិញ នៅទីតាំងដីភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីលោកឧកញ៉ា ម៉ុង រិទ្ធី ដែលបានផ្តល់កូនឈើជាង ៣០០០កូន។

លោកបន្តថា ទីតាំងត្រូវដាំមានចំនួនប្រមាណ៥០០ហិកតា ដែលត្រូវដាំឈើចម្រុះ ស្របទៅនឹងបរិស្ថាន និងស្ថានភាពដីដែលសំបូរដោយដីល្បាយខ្សាច់ច្រើន។ ចំនួនកូនឈើត្រូវដាំជាបឋមមានចំនួនជាង១០ម៉ឺនកូន រីឯប្រភេទឈើដែលអាចដាំដុះបានរួមមាន ធ្នង់ ផ្ចឹក សុក្រំ ផ្តៀក កកោះ គ្រញូង បេង ជាដើម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការផ្តល់កូនឈើជាង ៧០ ០០០កូន ក្រុមហ៊ុនប៉ោយប៉ែត ស៊ែថឺទ្បាយន៍ស៊ីធី ២០.០០០កូន។

ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើអះអាងថា នឹងដាំកូនឈើឲ្យបានជោគជ័យ ដោយមានក្រុមហ៊ុនប៉ោយប៉ែត សហការជួយក្នុងការងារដាំដុះ នឹងថែរក្សា។ ស្ថានភាពទីតាំងបច្ចុប្បន្ន នៅមានគំនរឈើ និងកំទេចកំទីច្រើន ដែលត្រូវការពេលវេលាសំអាតដី ដើម្បីងាយស្រួលដាំ។ កិច្ចការងារដាំឈើប៉ាន់ស្មានថា ត្រូវប្រើរយៈពេលប្រហែល១ខែ៕