(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការតាមចាប់ជនចិនម្នាក់ ដោយដកហូតថ្នាំញៀន ១,៥គីឡូក្រម។

ប្រតិបត្តិការនេះ បានធ្វើឡើង នៅចំណុចផ្លូវបេតុង ក្នុងកោះពេជ្រ ភូមិ១៥ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ ជនសង្ស័យជាជនជាតិចិនឈ្មោះ ឈឹង អាទ្បាង ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនដោយផ្ទាល់។

ក្រោយពេលឃាត់ខ្លួន និងបានយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេពិតប្រាកដមែនទុកសម្រាប់ជួញដូរ ចែកចាយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបគ្រឿងញៀនជាង២៦គីឡូក្រាមផងដែរ៕