(ភ្នំពេញ)៖ វីដេអូខ្លីមួយត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Facebook ដោយឃើញសកម្មភាពប្រជាពលរដ្ឋជាច្រើនរូប នាំគ្នាលក់ដូរម្ហូបអាហារ និងអង្គុយទទួលទានអាហារបែបកម្សាន្ដអារម្មណ៍នៅលើផ្លូវរថភ្លើង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ពិសេសនៅពេលមានរថភ្លើងរត់កាត់។ ប៉ុន្ដែទីតាំងផ្លូវរថភ្លើងនោះ មិនត្រូវបានគេស្គាល់ថានៅតំបន់នោះទេ។

ក្រោយឃើញវីដេអូដែលមិនគួរគម្បីត្រូវបានចែកចាយ អាជ្ញាធរមូលដ្ឋានដែលមានផ្លូវរថភ្លើងឆ្លងកាត់បាននាំគ្នាស្រាវជ្រាវ និងរកឃើញថា ទីតាំងផ្លូវរថភ្លើងដែលមានប្រជាពលរដ្ឋនាំគ្នាលក់ដូរ ទទួលទានអាហារនោះ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាវិធានការចំពោះសកម្មភាពដែលអាចបង្កគ្រោះថ្នាក់នេះ កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានចុះអប់រំណែនាំ ហាមមិនឲ្យមានការលក់ដូរ ឬដាក់កៅអីអង្គុយទទួលទានបែបនេះទៀតឡើយ។

យ៉ាងណាមិញ សកម្មភាពនេះមិនគួរឲ្យកើតមានទៀតនោះឡើយ ព្រោះកន្លងទៅយើងធ្លាប់ឃើញមានបទពិសោធន៍រួចមកហើយ នៅពេលរថភ្លើងឆ្លងកាត់ហើយអ្នកដែលអង្គុយទទួលទាននោះមិនដឹងខ្លួន ពិសេសនៅពេលយប់ និងនាំឲ្យមានគ្រោះថ្នាក់ផងដែរ៕