(ភ្នំពេញ)៖ ការដ្ឋានសំណង់មួយកន្លែងសាងសង់ដោយខ្វះបច្ចេកទេស បណ្ដាលឲ្យធ្លាក់ដែកពីជាន់ខាងលើចុះក្រោម ត្រូវកម្មករសំណង់ម្នាក់រងរបួសធ្ងន់ និងខូចខាតរថយន្តចំនួន ៣គ្រឿង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៦ ជាប់សាលាខណ្ឌទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតហេតុ គេបានលឺសូរសំឡេងដែកធ្លាក់ចុះពីជាន់ខាងលើ មកក្រោមក្នុងនោះបណ្ដាលឲ្យត្រូវចំក្បាលកម្មករសំណង់ម្នាក់រងរបួសធ្ងន់ និងរថយន្តចំនួន៣គ្រឿងទៀត ដោយក្នុងនោះរួមមាន ទី១៖ម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-1257, ទី២៖ ម៉ាក Fortuner ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-1084 និងទី៣៖ម៉ាក Izuzu ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2N-3912។

ក្រោយពេលកើតហេតុ កម្មករសំណង់ដូចគ្នាបាននាំយកជនរងគ្រោះយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះផងដែរ។ ចំពោះការដ្ឋានសំណង់ខាងលើនេះ គេមិនទាន់ដឹងថា អាជ្ញាធរខណ្ឌទួលគោក និងមានវិធានការបែបណានៅឡើយទេ ក្រោយពីបានបង្កឲ្យមានគ្រោះថ្នាក់៕