(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសេរីសោភ័ណ កងកម្លាំងទាំងបី ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋច្រើនរយនាក់ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទចូលរួមធ្វើពិធីបុណ្យឆ្លងសម្ពោធសាលាធម្មសភាក្នុងវត្តគិរីវង្សក្សេមក្សាន្ត ភ្នំបាក់លើ ស្ថិតក្នុងភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីបុណ្យនេះមានការចូលរួមពីព្រះសមណញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ជ័យ ណារី លោក គឹង វណ្ណៈ អភិបាលរងខេត្ត លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត។

លោក អ៊ុំ រាត្រី បានលើកឡើងថា ការលះបង់របស់សប្បុរសជន ញាតិមិត្តដែលបានបរិច្ចាគសទ្ធាជ្រះថ្លាជាថវិកា និងកម្លាំងកាយចិត្តចូលរួមកសាងសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តគិរីវង្សក្សេមក្សាន្ត ភ្នំបាក់លើនេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលមកធ្វើបុណ្យទានឲ្យបានស្រួល និងប្រែក្លាយទីវត្តអារាមជាកន្លែងថ្នាល បណ្តុះបណ្តាល មនុស្សជំនាន់ក្រោយ និងឲ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់ផងដែរ។

លោកបានបញ្ជាក់ថា អ្នកដែលបានកសាងសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តនេះ ជាកន្លែងរក្សាទុកនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់សីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងសម្រាប់សមណសិស្សរៀនសូត្រគ្រប់មុខវិជ្ជា ដើម្បីបានបុណ្យទាំងអស់គ្នាទៀតផងហើយព្រះវិហារជាកន្លែងព្រះពុទ្ធសាសនា ជាទីគោរពសក្ការៈនិងជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សគ្រប់សម័យកាលទៀតផង។

តាមប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ទីវត្តអារាមបានរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីវត្តអារាមជាកន្លែងបណ្តុះនូវធន់ធានមនុស្សដែលពោពេញទៅដោយចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៌និងប្រកបដោសមនសិកាជាតិ ហើយសព្វថ្ងៃនេះរដ្ឋាភិបាលកំពុងលើកតម្កើងព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនជាងវិស័យដទៃទៀតឲ្យសក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរស័ទផងដែរ។

សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរបានជឿជំនឿលើព្រះពុទ្ធសាសនា ខិតខំធ្វើឲ្យវត្តអារាមក្លាយទៅជាមជ្ឈមណ្ឌលមួយនៃជីវភាពខាងស្មារតី ដែលបានចូលរួមសកម្មភាពការអភិវឌ្ឍសង្គមផ្នែកអប់រំវប្បធម៌សីលធម៌ជាដើម៕