(ភ្នំពេញ)៖ ក្រោយបញ្ចប់មេរៀនអំពីការសរសេរព័ត៌មានក្ដៅ សិក្ខាកាមសិក្សាវគ្គ៣ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានបង្ហាញអំពីចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាចំពោះទ្រឹស្ដីក៦។ ទ្រឹស្ដី ក៦ បើនិយាយក្នុងវិស័យព័ត៌មានស្ដាប់ទៅអាចប្លែក ប៉ុន្តែបើនិយាយថា 5W’s and H នោះប្រហែលជាអ្នកដែលធ្លាប់បានរៀនពីការសរសេរព័ត៌មាននឹងយល់ច្បាស់ភ្លាមៗតែម្ដង។

បើតាម លោក ម៉ារ យ៉ារិទ្ធ «ទ្រឹស្ដី ក៦» មានដូចជា៖ «1, កើតអ្វី? What’s happened? 2, កើតពេលណា? When did it happen? 3, កើតទីណា? Where did it happen? 4), កើតចំពោះនរណា? Who’s involved? 5, កើតដោយសារអ្វី? Why did it happen? 6, កើតដោយរបៀបណា? How did it happen? និងចំណុចសំខាន់មួយចុងក្រោយទៀតនោះគឺ ការសន្និដ្ឋានចុងក្រោយ ឬ Conclusion»

ក្រោយពីបានរៀនមេរៀនព័ត៌មានក្ដៅចប់ លោក ភូ សោភ័ណ បានលើកឡើងថា ៖ «ចំពោះខ្ញុំ ល្អខ្លាំង បានចំណេះដឹង និងបទពិសោធន៍ ព្រមទាំងស្គាល់បងប្អូនរួមជំនាន់ អរគុណ Fresh News ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសសូមថ្លែងអំណរគុណ លោកគ្រូ ម៉ា រិទ្ធិ ដែលបានចែករំលែកចំណេះដឹង ដល់អ្នកជំនាន់ក្រោយ អោយយល់ដឹង ពីវិស័យសារព័ត៌មាន»

សម្រាប់លោក ភូ ភក្ដី ក្នុងនាមជាសិក្ខាកាមមួយរូប បានបន្ថែមពីទស្សនៈរបស់លោក ក្នុងការរៀនមេរៀនព័ត៌មានក្ដៅនេះថា៖ «ធ្វើឲ្យខ្ញុំ យល់ច្បាស់ ពីរចនាសម្ព័ន្ធសារព័ត៌មាន Structure of News ដែលរួមមាន ចំណងជើង Headline, សេចក្ដីផ្ដើម Lead, សេចក្ដីផ្ដើមដំអក់ ឬប្រយោល Indirect Lead, សេចក្ដីផ្ដើមត្រង់ ឬផ្ទាល់ Direct Lead, តួសេចក្ដី Body, ការដកស្រង់សម្ដីផ្ទាល់ Direct Quote, ការដកស្រង់សម្ដីមិនផ្ទាល់ Indirect Quote, ការដកស្រង់ប្រភពពីឯកសារ Quote from Document, សេចក្ដីបញ្ចប់ ជាដើម»

សូមបញ្ជាក់ផងដែរ ថ្នាក់សិក្សាវគ្គ៣ បានបញ្ចប់មេរៀនព័ត៌មានក្ដៅហើយ ហើយបច្ចុប្បន្នកំពុងតែបន្តការសរសេរបទយកការណ៍ និង បទពិពណ៌នា ( News Feature and Feature Story)។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលផ្ទាល់តែម្ដង ដោយលោក គឺជាអ្នកសារព័ត៌មានចាស់វស្សាមានបទពិសោធន៍ ជិត៤០ឆ្នាំហើយ។

លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕