(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាសម្ដេចនឹងចូលរួមបុណ្យសពលោក ស៊ិនស៊ូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដល់ទីក្រុងតូក្យូតែម្ដង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

គួររំលឹកថា លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ កំលុងពេលលោកថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងណារ៉ា ភាគខាងលិចនៃប្រទេស។ ពិធីបុណ្យសពរបស់លោកត្រូវបានធ្វើឡើងភ្លាមៗជាលក្ខណៈគ្រួសារ ប៉ុន្តែគណៈរដ្ឋមន្រ្តីជប៉ុនបានសម្រេចថា នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិជាផ្លូវការ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ នៅឯកីឡដ្ឋាន Nippon Budokan កណ្តាលទីក្រុងតូក្យូ។

សម្ដេចតេជោ ហ៊ុន សែន ដែលជាមិត្តភក្តិរបស់លោក ស៉ិនស៊ូ អាបេ មួយរូបដែរនោះ បានបញ្ជាក់ថា សម្ដេចនឹងចូលរួមបុណ្យសពលោក អាបេ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏នឹងចូលរួមពិធីបុណ្យសព នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ»

គេនៅតែចងចាំមិនភ្លេចឡើយថា ក្នុងអាណត្តិដឹកនាំរបស់លោក ស៉ិនស៊ូ អាបេ ប្រទេសជប៉ុនបានបង្កើនការរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាមិត្តភក្តិមួយរូប និងក្នុងនាមប្រជាជននិងប្រទេសជាមិត្ត ពិតជាមានក្ដីសោកស្ដាយយ៉ាងខ្លាំងនៅពេលដឹងថាលោក អាបេ ទទួលមរណភាពដោយសារការធ្វើឃាតនោះ៕