(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី ណាណៃអា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានជួបប្រជុំទ្វេភាគី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ កាលពីខែកុម្ភៈកន្លងទៅ និងបានគូសបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ជាទៀតទាត់គឺមានសារសំខាន់ណាស់ ហើយអាចនឹងផ្តល់មធ្យោបាយបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងគ្រប់វិស័យដែលមានសក្តានុពល។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីរបស់លោក អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ចំនួន២លើករបស់ឯកឧត្តម ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២។

លោកស្រីរដ្ឋមន្ត្រីការបរទេស ណាណៃអា ម៉ាហ៊ូតា បានគូសបញ្ជាក់អំពីការគាំទ្ររបស់នូវែលសេឡង់ ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងប្រេសិតពិសេស ក្នុងការជំរុញការអនុវត្តនេះ។

ទន្ទឹមនឹងការអះអាងជាថ្មីនៃការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី លោក ប្រាក់ សុខុន និងលោកស្រី ណាណៃអា ម៉ាហ៊ូតា ក៏បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមក រួមទាំងការប្រែប្រួលអាកាសធាតុ និងវិបត្តិនៅប្រទេសអ៊ុយក្រែន ផងដែរ៕