(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវ របាយការណ៍ នៃការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយកម្ពុជា ក្រោមវត្តមានលោក រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ តំណាងលោកមអគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ឋ ឧបនាយករដ្ឋមន្ត្រី ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងស្ថានទូត សាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុន China International Engineering Consulting Corporation (CIECC), តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ស្ថិតក្នុងគ្រប់កាលៈទេសៈ និងស្ថានភាព, ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក បន្តជាវិស័យឆ្អឹងខ្នងគាំទ្រ សកម្មភាពសង្គម និងសេដ្ឋកិច្ច ដែលមិនអាចខ្វះបាន សម្រាប់កម្ពុជា ជាពិសេសគាំទ្រដល់ចក្ខុវិស័យ នៃការអភិវឌ្ឍរយៈពេលវែង ។ ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី តែងផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។ ជាក់ស្តែងការគិតគូររៀបចំឱ្យមានការសិក្សា ផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្លើយតបនឹងការចង្អុលបង្ហាញ នៃឯកសារគោល នយោបាយជាតិសំខាន់ៗ រួមមាន គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤។

គួររំលឹកថា ការសិក្សាផែនការមេស្តី ពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយនេះ ទទួលបានការគាំទ្រ ពីសាធារណរដ្ឋប្រជាមានិតចិន តាមរយៈជំនួយ ហិរញ្ញប្បទានឥតសំណង។ ការសិក្សានេះ ផ្សារភ្ជាប់នូវវត្ថុបំណង ក្នុងការតម្រង់ទិសនៃទស្សនវិស័យ រយៈពេលវែងសម្រាប់ការអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក សំដៅបង្កើនការតភ្ជាប់, កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក, គាំទ្រសមាហរណកម្មកម្ពុជា ក្នុងតំបន់ និងសកលលោក ព្រមទាំង លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ការសិក្សានេះ ត្រូវបានគ្រោងសម្រាប់រយៈពេល ២ឆ្នាំ ដោយបានចាប់ផ្តើមពីឆ្នាំ២០១៩ ក៏ប៉ុន្តែបានចំណាយពេលច្រើន ជាងការគ្រោងទុក ដោយសារផលវិបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩។ ទោះបីជាយ៉ាងនេះក្តី របាយការណ៍ នៃការសិក្សាផែនការមេ ស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដែលត្រូវបានរៀបចំជាពីរភាសា (ភាសាអង់គ្លេស និងភាសាចិន) ត្រូវបានបញ្ចប់ជាស្ថាពរ នាដើមឆ្នាំ២០២២ ដោយមានរបាយការណ៍នៃការសិក្សាសរុបចំនួន ៧ រួមមាន៖ (១). ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ, (២). ផែនការអភិវឌ្ឍន៍ផ្លូវថ្នល់, (៣). ផែនការអភិវឌ្ឍន៍ផ្លូវដែក, (៤). ផែនការអភិវឌ្ឍន៍តាមផ្លូវទន្លេ, (៥). ផែនការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវសមុទ្រ, (៦). ផែនការអភិវឌ្ឍន៍ផ្លូវអាកាស និង (៧). ផែនការអភិវឌ្ឍន៍ឡូជីស្ទីក ។ ជាការកត់សម្គាល់ ផែនការមេស្តី ពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ បានកំណត់នូវអភិក្រម ឬទស្សនាទានជាយុទ្ធសាស្រ្ត ប្រកបដោយលក្ខណៈប្រាកដនិយម, ភាពប្រទាក់ក្រឡា, គ្រប់ជ្រុងជ្រោយ ព្រមទាំងឆ្លើយតបខ្ពស់ ទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត។

ឈរលើមូលដ្ឋាន នៃរបាយការណ៍នៃការសិក្សានេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងធ្វើការ សំយោគជាមួយ ផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សា ដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” ។ ជារួម ផែនការមេគ្រប់ជ្រុងជ្រោយ ដែលរំពឹងថា នឹងទទួលបានការអនុម័ត ពីរាជរដ្ឋាភិបាលកម្ពុជា នាចុងឆ្នាំ២០២២ ឬត្រឹមដើមឆ្នាំ២០២៣ នឹងក្លាយជាផែនទីចង្អុលផ្លូវក្នុងការតម្រង់ទិស សម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក រស់ សីលវ៉ា បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការគាំទ្រ ដំណើរការ នៃការសិក្សាផែនការមេ ដ៏មានសារសំខាន់នេះ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមហ៊ុន CIECC ក្នុងនាមជាទីប្រឹក្សា ទទួលបន្ទុករៀបចំការសិក្សា។

ជាមួយគ្នានេះ លោកបានស្នើសុំការបន្តផ្តល់ការគាំទ្រពី រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន, ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹក-ជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” ឱ្យទទួលបានជោគជ័យ៕