(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្រសួងកំពុងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះឈ្មោះដែនជាតិ .kh ដែលជាដែននិមិត្តសញ្ញាជាតិ ហើយ ប្រព័ន្ធនេះនឹងជួយប្រមូលចំណូលជូនរដ្ឋប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំ ។

លោក ជា វ៉ាន់ដេត ថ្លែងបែបនេះធ្វើឡើងក្នុង ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រព័ន្ធចុះឈ្មោះដែនជាតិ.kh ត្រូវបានរៀបចំរួចរាល់ហើយ និងត្រៀមដាក់ឱ្យដំណើរការនាពេលខាងមុខនេះ។ នៅពេលដែលកម្ពុជាអាចដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់កម្ពុជា ដូចជាការកៀរគរចំណូលបន្ថែមចូលថវិការដ្ឋ ដែលការគិតគូរជំហានដំបូងនេះ ប្រព័ន្ធនេះនឹងអាចរកចំណូលបន្ថែមប្រមាណ១០លានដុល្លារ សម្រាប់បញ្ចូលក្នុងថវិកាជាតិ។

លោក ជា វ៉ាន់ដេត បានអះអាងថា ការដាក់ឱ្យប្រើប្រាស់ចុះឈ្មោះដែនជាតិ .kh គឺជាមោទនភាពមួយរបស់កម្ពុជា ដែលបង្ហាញថាជា កម្ពុជាក៏មានដែនចុះឈ្មោះជាតិមួយសម្រាប់ប្រើប្រាស់ ដោយកន្លងមកកម្ពុជា ប្រើតែឈ្មោះដែនរបស់គេប៉ុណ្ណោះ។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ដែនជាតិ.kh ដែលជាដែននិមិត្តសញ្ញាជាតិរបស់យើង ដែលយើងត្រូវមានមោទនភាព ដែលយើងប្រើឈ្មោះដែនជាតិរបស់យើងមិនប្រើឈ្មោះដែនជាតិអ្នកដទៃ។ ឧទាហរណ៍រាល់ថ្ងៃហ្នឹង Email យើងដាក់ gmail.com ថ្ងៃក្រោយទៅ Email ដាក់ថា.kh ហើយយើងលែងប្រើ .com ទៀតហើយ ព្រោះ.com គឺជារបស់ក្រៅប្រទេស .kh ជារបស់ខ្មែរយើងដែលអភិវឌ្ឍន៍ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

សូមរំលឹកថា កាលពីខែមេសា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម បាន ជូនដំណឹងឲ្យក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ប្រភេទ .com.kh ហើយត្រូវផ្តល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នេះ នៅពេលធ្វើប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅនិយ័តករទូរគមនាគមន៍កម្ពុជា៕