(កំពង់ធំ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ២៥០គ្រួសារ មកចំនួនពីឃុំមានរិទ្ធ និងឃុំងន ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានការចូលរួមអមដំណើរដោយលោក លី សុភា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូប នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

លោក ញ៉ឹក បានខេង បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករឮកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋ ដែលទីទ័លក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយជាក់ស្តែងប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្នុងការជួយដោះស្រាយដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។

លោកបានបន្តថា សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបន្ថែមលើសនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះដែរ អភិបាលរងខេត្ត បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឱ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន កុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ១៩ ឱ្យសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះក៏មានករណីឆ្លងថ្មីបន្ថែមទៀតនៅក្នុងប្រទេស។

ជាចុងក្រោយលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្ដអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង និងមិនបានទទួលដូសជំរុញដោយប្រការណាមួយសូមអញ្ជើញរួសរាន់ទៅចាក់នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីបង្កើនការការពារខ្លួនកាន់តែល្អពីជំងឺកូវីដ១៩នេះ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង២៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ឃីត ១ កញ្ចប់៕