(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២បានថ្លែងឲ្យដឹងថា ក្រសួងមានគម្រោងតបណ្តាញបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រពីហុងកុង មកព្រះសីហនុ ប្រវែង២ ៧១៥គីឡូម៉ែត្រ ដែលគម្រោងនឹងចាប់ផ្តើមនៅខែតុលាឆ្នាំនេះ និងអាចបញ្ចប់នៅក្នុងឆ្នាំ២០២៤។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ការតភ្ជាប់បណ្តាញនេះ នៅឆ្នាំ២០២៤ សមត្ថភាពអ៉ីនធើណេតនៅកម្ពុជា នឹងកាន់តែទូលំទូលាយជាងមុន ដែលលែងព្រួយបារម្ភពីអ៉ីនធឺណិតខ្សោយ ព្រមទាំងទទួលបាននូវសេវាអ៉ីនធឺណិត ដែលមានតម្លៃទាបជាងបច្ចុប្បន្ននេះ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ប្រហែល៦៤០គីឡូម៉ែត្រ ហើយយើងកំពុងតែគិតគូរ តពីហុងកុង ប្រវែង២,៧០០គីឡូម៉ែត្រ។ គម្រោងរបស់យើងខែតុលា យើងនឹងចាប់ផ្ដើមគម្រោងនេះ ហើយសង្ឃឹមថា ឆ្នាំ២០២៤ នឹងបញ្ចប់មកដល់ស្រុកខ្មែរ»

សូមជម្រាបថា បច្ចុប្ប ន្ននេះ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត ១៧,៤៨៧,៩២២ និងសេវាអ៊ីនធឺណិតអចល័ត ៣១២,២៣៣, ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ចំនួន៣៨, ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រចំនួន៥, បណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ និងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ មានប្រវែងក្នុងដែនសមុទ្រកម្ពុជា ៦៤០ គីឡូម៉ែត្រ៕

</p