(ព្រះសីហនុ)៖ គណៈប្រតិភូអង្គការចែករំលែកសង្គ្រោះជីវិតសកល ដឹកនាំដោយលោក Kim Jung-Nam នាយកប្រតិបត្តិអង្គការចែករំលែកសង្គ្រោះជីវិតសកល ( Global Life Sharing) នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ និងគ្លីនិកដាប់ប៊ែលយូ ស៊ី អេន ហ្វេស ដែលគ្រោងបើកមណ្ឌល ព្យាបាល និងថែទាំសុខភាព ដើម្បីបំពាក់បរិក្ខាវេជ្ជសាស្ត្រ ស្ថិតនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការងារនេះក៏មានការសម្របសម្រួលពីលោក សុខ សំណាង និងលោក ជា សុវណ្ណ ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសហការី ក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងអមដំណើរលោក Kim Jung-Nam នាយកប្រតិបត្តិអង្គការចែករំលែកសង្គ្រោះជីវិតសកល ( Global Life Sharing) នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង លោកជំទាវ ឧកញ៉ា បណ្ឌិត នូ សូលីដា ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន, ឯកឧត្តម ឈរ រតនៈ អគ្គាធិការនៃក្រសួងបរិស្ថាន និងក្រុមការងារ ព្រមទាំងលោក អ៊ុក សាវឿន មេឃុំតានៃផងដែរ។

ជាការឆ្លើយតប តាមការស្នើសុំរបស់នាយកសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ លោក Kim Jung-Nam បានចុះមកពិនិត្យទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្នើសុំសាងសង់អាងស្តុកទឹកសម្រាប់ប្រើប្រាស់, បន្ទប់ទឹកអនាម័យមានកន្លែងលាងដៃ, ធុងទឹកចម្រោះអនាម័យ, ជួសជុលដំបូលអគារសាលា, បំពាក់អំពូលភ្លើង និងសាងសង់អណ្តូងទឹកផ្តល់ជូនដល់សិស្សានុសិស្សបច្ចុប្បន្នចំនួន១៦៦នាក់។ ជាមួយគ្នានោះដែរ លោកជំទាវឧកញ៉ាបណ្ឌិត នូ សូលីដា បានឧបត្ថម្ភដល់សិស្សចំនួន៤០នាក់ និងលោក គ្រូអ្នកគ្រូចំនួន ៨០០,០០០ រៀល។

បន្ទាប់មកលោក Kim Jung-Nam ក៏បានចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាល និងថែទាំសុខភាព ដើម្បីបំពាក់បរិក្ខាវេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ( Global Life Sharing) ដើម្បីពិនិត្យ ការរៀបចំដំណើរការការព្យាបាលជូនប្រជាជនក្រីក្រដោយឥតគិតថ្លៃ ក្រោមគម្រោងមនុស្សធម៌របស់អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ដែលបានសហការជាមួយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

អង្គការGlobal Life Sharing ជាអង្គការមនុស្សធម៌មួយ នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក៕