(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីនគរបាល ចុះពិនិត្យមើលការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នៅក្នុងឱកាសចុះពិនិត្យការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវនាពេលនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងកោតសរសើរដល់ក្រុមជាងសាងសង់ ដែលបានខិតឋំប្រឹងប្រែងសាងសង់ដោយយកចិត្តទុកដាក់ ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព លោកវាយតម្លៃថាមកដល់ថ្ងៃនេះអគារនេះសាងសង់បាន៩០%ហើយ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី អគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវនេះ បានរៀបចំពិធីសែនក្រុងពាលីសាងសង់ កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មានទំហ៊ំ៧ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង។

ក្នុងនាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងនូវការគោរពអរគុណ ចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលតែងគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងនគរបាលជាតិរបស់យើង៕