(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាកសិករគោលដៅ៧៥២គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដីប្រមាណ៥៤២ហិកតា ដោយទឹកជំនន់ក្នុងឆាំ្ន២០២២នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ស្រូវពូជចំនួនជាង៥៦តោន ដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករ ធ្វើស្រែចំការស្តារជីវភាពឡើងវិញ។

ពិធីប្រគល់ និងផ្តល់គ្រាប់ស្រូវពូជទាំងអស់នេះ ត្រូវបានធ្វើឡើងក្នុងបរិវេណវត្តព្រៃនគរក្រៅ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក រួមផ្សំ ទឹកហូរពីផ្នែកខាងលើផង បានបណ្ដាលឱ្យស្រូវពង្រារបស់ប្រជាកសិករមួយចំនួនដែលទើបធ្វើការ ដាំដុះ បានរងការជន់លិចខូចខាតទាំងស្រុងជាច្រើនលើកច្រើនសារ រួមជាមួយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ បណ្តាលឱ្យប្រជាកសិករមានការខ្វះខាតពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅពេលទឹកបានស្រុកទៅវិញ។

ជាការឆ្លើយតបភ្លាមៗ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យរដ្ឋបាលស្រុកពញាក្រែក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថាក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះ៧៥២គ្រួសារ លើផ្ទៃសរុប៥៤២.៥៨ហិកតា ត្រូវការគ្រាប់ពូជសរុប៥៦,៥៥០គីឡូក្រាម ដើម្បីរាយការណ៍ និងស្នើសុំទៅ គណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួលបាននូវគាំទ្រ និងនាំយកគ្រាប់ស្រូវពូជមកចែកជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃនាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕