(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ បានចាប់ផ្តើមពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ (Plenary Session 55th ASEAN Foreign Ministers' Meeting) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំនេះដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តការអន្តរជាតិកម្ពុជា និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសអាស៊ាន បូក៦ និងអគ្គលេខាធិការអាស៊ានផងដែរ។

សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២។

លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញកម្មវិធីសម្រាប់ជំនួបពិភាក្សា និងកិច្ចប្រជុំសំខាន់ៗ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ដែលជាអំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetins) ក្របខ័ណ្ឌអាស៊ាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃនេះ មានជំនួបចំនួន៤ រួមមាន៖

* ១៖ ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
* ២៖ ពិធីបើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយសម្តេចតេជោ ហ៊ុន សែន
* ៣៖ ការផ្តល់ពាន់រង្វាន់អាស៊ាន និងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៉ីអាគ្នេយ៍
* និង កិច្ចប្រជុំសំខាន់ៗចំនួន៤ រួមមាន៖ កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសលើកទី៥៥, ជំនួបអាហារថ្ងៃត្រង់របស់រដ្ឋមន្ត្រីការបរទេស, កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា លេខាធិការដ្ឋានអាស៊ាន៕