(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានបន្តបើកកិច្ចប្រជុំជួបសន្ទនា ជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ដែលជាកិច្ចប្រជុំមួយ ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ។

កិច្ចប្រជុំដែលត្រូវបានប្រព្រឹត្តិទៅនាសណ្ឋាគារសុខាភ្នំពេញ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ានបូក១ អគ្គលេខាធិការអាស៊ាន និងតំណាង AICHR បូក១ ផងដែរ។

សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២៕