(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានបញ្ជាក់ថា ខេត្តចំនួន៥ នឹងត្រូវប្រកាសជាខេត្តដែលគ្មានមីន នៅដំណាច់ឆ្នាំ២០២២នេះ ខណៈខេត្តចំនួន៣បន្ថែមទៀត ក៏ត្រូវប្រកាសជាខេត្តគ្មានមីនដូចគ្នា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

បន្ទាប់ពីសង្គ្រាមស៊ីវិល ក្នុងទសវត្សឆ្នាំ៧០ ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលមានគ្រាប់មីនច្រើនជាងគេបំផុតក្នុងពិភពលោកដែល មានគ្រាប់មីនប្រមាណពី ៤ទៅ ៦លានគ្រាប់ និងគ្រាប់រំសេវផ្សេងៗទៀតនៅទូទាំងតំបន់របស់ខ្លួន។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត បានសម្លាប់មនុស្សប្រមាណ១៩,៨១៦នាក់ និងរងរបួស ឬពិការចំនួន ៣៦,១០០នាក់ផ្សេងៗទៀត។

ការបញ្ជាក់បែបនេះ របស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពពិធីចុះកិច្ចសន្យារវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងការបោសសម្អាតមីន នៅខេត្តតាកែវ, កំពង់ចាម, កំពត, កំពង់ឆ្នាំង និងខេត្តស្វាយរៀង ដើម្បីប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នាទីស្នាក់ការអាជ្ញាធរមី នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ។

ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះអាជ្ញាធរមីន បាននាំមកនូវព័ត៌មានល្អ គឺខេត្តចំនួន៥ រួមមាន៖ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលជាព័ត៌មានដ៏ល្អផ្តល់ជូនប្រជាជននៅក្នុងខេត្តទាំង៥នេះ និងប្រជាជនទូទាំងប្រទេសផងដែរ»

ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា សម្រាប់ប្រតិបត្តិករដ៏សំខាន់ដែលអនុវត្តភារកិច្ចនេះ គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នឹងប្រឹងប្រែងធ្វើកិច្ចការបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តទាំង៥ខាងលើជាដើម។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា កងទ័ពជើងគោក នឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីននៅក្នុងទឹកដែលមានមីននៅខេត្តកំពង់ស្ពឺ ក្នុងស្រុកភ្នំស្រួច ដែលជាអតីតសមរភូមិដ៏ក្តៅគគុក ហើយមានទំហំចម្ការមីនរហូតដល់ ៦៥៥ហិកតា, ខណៈកងទ័ពមួកខៀវ (NPMIC) បាននឹងកំពុងដំណើរបោសសម្អាតចម្ការមីន នៅខេត្តត្បូងឃ្មុំ រហូតបច្ចុប្បន្ននេះ បានបោសសម្អាត២៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាខាងមុននេះ។

សម្រាប់ការចុះកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលនឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីខែសីហា ឆ្នាំ២០២២ ដែលក្នុងនោះ៖

*ខេត្តចំនួន០៣គ្រោងនឹងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ រួមមាន ៖ ខេត្តតាកែវ ក្នុងទំហំផ្ទៃដីសរុប ៣,៦២៦,៨៥៦ម៉ែត្រក្រឡា
*ខេត្តកំពង់ចាម ក្នុងទំហំផ្ទៃដីសរុប ៩៧៩,៥៨៦ម៉ែត្រក្រឡា
*ខេត្តកំពង់ឆ្នាំង ផ្ទៃដីសរុប ៣,២៧៧,៦២៧ម៉ែត្រក្រឡា

និងខេត្តចំនួន ០២ទៀត គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុប ១២,៣៨៦,៩២៧ម៉ែត្រក្រឡា និងខេត្តកំពត ក្នុងទំហំផ្ទៃដីសរុប ១០,៦៤១,៦៧៧ម៉ែត្រក្រឡា។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវកាដូពិសេសជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំង៥ ខេត្ត ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត៕