(កំពង់ស្ពឺ)៖ មន្រ្តីឧទ្យានុរក្សចំនួន២៥នាក់ មកពីខេត្តចំនួន២០ បានចាប់ផ្តើមហ្វឹកហាត់ ក្នុងវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការ ស្តីពីវិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ នៅសាលានាយទាហានសកម្មត្មាតពង ខេត្តកំពង់ស្ពឺ។

ពិធីបើកវគ្គហ្វឹកហ្វឺន បានរៀបចំឡើងនាថ្ងៃទីទី០១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយ ទាហានសកម្ម ព្រមទាំងវត្តមានតំណាងអគ្គនាយក ប្រធាននាយកដ្ឋាន ចំណុះក្រសួង និងតំណាងប្រធានមន្ទីបរិស្ថានខេត្ត ជាច្រើនរូបចូលរួម។

លោក ទិន ពន្លក បានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើទំណែរទម្រង់ជាច្រើន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារ ស្របតាមការវិវត្តនៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវះចម្រុះ កិច្ចគាំពារបរិស្ថាន ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការងារជំនាញបច្ចេកទេស និងប្រែក្លាយពីមន្ត្រីឧទ្យានុរក្ស ទៅជាមគ្គុទេសទេចរណ៍ និងជាគ្រូទេព្យជាដើម។

លោករដ្ឋលេខាធិការ បានបន្ថែមថា សម្រាប់នីតិកាលទី៦នេះ ក្រសួងបរិស្ថានបានបន្ដដាក់ចេញនូវគោលការនយោបាយកំណែទម្រង់ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើប លើកកម្ពស់គុណតម្លៃមន្ត្រីរាជការ ឱ្យស្រឡាញ់ខ្លួនឯង មានមោទនភាពជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្ដាប់មកវិញនូវមោទនភាពជាតិ និងការកសាងប្រទេសដ៏ទំនើបមួយដែលប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថាន ដែលល្អប្រសើរ ដោយធានាបាននូវនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥១ថ្ងៃ ហើយសិក្ខាកាមទាំងអស់ ត្រូវហ្វឹកហាត់ ជំនាញអប់រំ មានអប់រំកាយ បទបញ្ជា និងលំហាត់របៀបរួមមាន៖ យុទ្ធវិធី ឋានលេខា សព្វាវុធ បច្ចេកទេសបាញ់ កាយសិក្សាយោធានិកីឡា៕