(ភ្នំពេញ)៖ ថ្មីៗនេះមានការជជែកគ្នាយ៉ាងច្រើន នៅលើបណ្ដាញសង្គម ពាក់ព័ន្ធធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច ដោយប្រជាពលរដ្ឋបានបង្ហាញនូវការយល់ឃើញផ្សេងៗគ្នា ទាំងដែលពួកគាត់មិនទាន់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងនោះអ្នកខ្លះបានលើកឡើងថា ធានារ៉ាប់រងយានយន្ដជាកាតព្វ គឺជាបន្ទុកថ្មីបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដែលត្រូវចំណាយថវិកា។

ប៉ុន្ដែមន្ដ្រីជំនាញ ដែលជាប្រតិបត្តិករផ្ទាល់លើការងារនេះ បានចេញមកពន្យល់ថា ធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច មិនមែនជាការដាក់បន្ទុកទៅលើប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឲ្យអនុវត្តស្ទើរគ្រប់ប្រទេស លើសកលលោក។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» បានអះអាងថា ការប្រើប្រាស់សេវាធានារ៉ាប់រងនេះ ប្រៀបដូចជាការសន្សំប្រាក់ សម្រាប់ប្រើប្រាស់នៅពេលមានហានិភ័យ កើតឡើងជាយថាហេតុ។

លោក ប៊ូ ច័ន្ទភីរូ បានលើកឧទាហរណ៍ថា បច្ចុប្បន្នការប្រើប្រាស់សេវាធានារ៉ាប់រង មិនទាន់បានចេញលេញ បានបង្ហាញឲ្យឃើញនូវទិដ្ឋភាពពីរ ក្នុងនោះទី១៖ ជនរងគ្រោះមិនបានសំណងអ្វីឡើយ នៅពេលមានគ្រោះថ្នាក់ និងទី២៖ អ្នកបង្កហេតុតែងព្យាយាមរត់គេច ពីការទទួលខុសត្រូវរបស់ខ្លួន។ ខណៈរបាយការណ៍បានបង្ហាញថា ក្នុងមួយឆ្នាំៗ កម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍

មន្ដ្រីជំនាញរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «មានការយល់ច្រឡំថា ការកំណត់ជាកាតព្វកិច្ចទៅជាបន្ទុក [...] ប្រសិនបើទាំងអស់គ្នាមានធានារ៉ាប់រង ជនរងគ្រោះដាច់ខាតនៅពេលមានគ្រោះថ្នាក់កើតឡើង នឹងទទួលបានសំណងដោយស្វ័យប្រវត្តិពីក្រុមហ៊ុនធានារ៉ាប់រង។ ដោយឡែក អ្នកបង្កហេតុ មិនបារម្ភរត់គេចព្រោះមានអ្នកជួយសងជំនួសទៅហើយ។ ធានារ៉ាប់រងប្រៀបដូចជាការសន្សំប្រាក់ សម្រាប់ហានិភ័យដែលកើតឡើងដោយយថាហេតុនៅពេលណាមួយ ដូច្នេះមិនមែនជាបន្ទុកនោះឡើយ»

បើតាមអគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា, ច្បាប់ធានារ៉ាប់រង មានតាំងពីឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្ដែរាជរដ្ឋាភិបាលមិនទាន់អនុវត្តនៅឡើយទេ ពោលត្រូវមានការផ្សព្វផ្សាយឲ្យជ្រួតជ្រាបដល់ប្រជាពលរដ្ឋ និងសិក្សាឲ្យបានច្បាស់លាស់ក្នុងការចាប់ផ្ដើមអនុវត្ត ព្រោះលោកអះអាងថា យានយន្ដឯកជន គឺរាប់តាំងពីរថយន្ដទំនើប រហូតដល់គោយន្ដ ដូច្នេះត្រូវមានការបែងចែកឲ្យបានច្បាស់លាស់ មុនធ្វើការអនុវត្ត។

យ៉ាងណាមិញ ក្រសួងក៏ធ្លាប់បានពន្យល់ដែរថា រ៉ាប់រងយានយន្តនឹងផ្តល់ជូនម្ចាស់យានយន្តនូវការទទួលខុសត្រូវលើការទូទាត់សំណង ជូនជនរងគ្រោះការធានា (ឧទាហរណ៍+ សំណងសម្រាប់ ព្យាបាលរបួសរបស់ជនរងគ្រោះ ដែលបណ្តាលមកពីយានយន្តបង្កហេតុជាដើម)។

នេះជាយន្តការនៃការផ្ទេរហានិភ័យ របស់ម្ចាស់យានយន្ត សម្រាប់សម្រាលបន្ទុកហិរញ្ញវត្ថុ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសម្រាប់ជនរងគ្រោះ។ ករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រង នោះរាល់ការចំណាយ ឬការខូច-ខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ថែមទាំងអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត ដែលធ្វើឲ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។

ការទិញធានារ៉ាប់រងយានយន្ត មិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមាន ដោយចាត់ទុកជាចំណាយដ៏ធំនោះទេ តែនេះជាការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ការការពារហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ៕