(ភ្នំពេញ)៖ លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពបំណុលកម្ពុជា ត្រូវបានវាយតម្លៃថា អាចគ្រប់គ្រងបាន និងមិនមានហានិភ័យ ឬបារម្ភពីបំណុលវ័ណ្ត.កនោះទេ ដោយបច្ចុប្បន្ននេះ បំណុលកម្ពុជាស្ថិតក្នុងក្នុងអនុបាតគោល ក្នុងរង្វង់៣៣ ទៅ៣៥%ប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក មាស សុខសេនសាន បានបង្ហាញពីស្ថានភាពបំណុលបច្ចុប្បន្នរបស់កម្ពុជា ដែលគិតមកដល់ពេលនេះ មានចំនួន៩.៨១ប៊ីលានដុល្លារ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងបន្តខិតខំសងម្ចាស់បំណុលទាំងទ្វេភាគី និងពហុភាគីផងដែរ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានសងបំណុលចំនួន ១៨៣លានដុល្លារ។

លោកបានបញ្ជាក់ថា ការវាយតម្លៃកម្រិតគ្មានហានិភ័យនៃបំណុលរបស់កម្ពុជានេះ ត្រូវបានទទួលស្គាល់ដោយស្ថានប័នអន្តរជាតិល្បីដូច មូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដើម។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមមើលបច្ចេកទេស និងការវាយតម្លៃរបស់សហគមន៍អន្តរជាតិ ហើយសហគមន៍អន្តរជាតិ ដែលយើងជឿទុកចិត្តគឺ IMF ។ ស្ថាប័នរូបិយវត្ថុអន្តរជាតិ ដែលគេចាត់ថា ជានគរបាលហិរញ្ញវត្ថុអន្តរជាតិ បានទទួលស្គាល់ និងព្រមព្រៀងថា យើងស្ថិតក្នុងអនុបាតគោលមួយ [អនុបាតបំណុល] ដែលមិនមានការបារម្ភទេ ព្រោះបើសិនជាយើងមើលនៅក្នុងអនុបាតគោល គឺអនុបាទគោលនៃកម្ចី គឺយើងមិនឱ្យលើសពី ៤០% ហើយឥឡូវនេះស្ថានភាពកម្ចីរបស់កម្ពុជា ស្ថិតក្នុងរង្វង់៣៣ ទៅ៣៥% និងអាចស្ថិតក្នុង៣៦% នៅឆ្នាំ២០២៣»

លោកបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបំណុលនេះ ដោយម៉ត់ចត់បំផុត ហើយការខ្ចីក៏ធ្វើឡើងដោយមានគោលដៅច្បាស់លាស់ផងដែរ ពោលគឺកម្ចីនេះត្រូវបានយកឱ្យប្រើប្រាស់ សម្រាប់ការវិនិយោគផ្សេងៗ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។

លោកបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាល មានលក្ខខណ្ឌក្នុងការខ្ចី មិនមែនចេះតែដើរខ្ចីទេ ហើយអ្វីដែលសំខាន់ ដែលជាភាពឈ្នះរបស់កម្ពុជា គឺយើងខ្ចីមិនមែនយកមកបើកប្រាក់ខែទេ គឺយើងខ្ចីយកមកវិនិយោគ។ នេះគឺជាភាពសំខាន់ ដែលយើងមានលក្ខខណ្ឌ ៥សម្រាប់ការខ្ចី ហើយលក្ខខណ្ឌទាំង៥ គឺយើងយកទៅស្នើជូនសភាជាតិ ដើម្បីអនុម័ត មិនមែនជាការសម្រេចដោយឯកឯងទេ។ យើងមានការជជែកគ្នានៅក្នុងសភាដើម្បីខ្ចីនេះ»

យោងតាមព្រឹត្តិបត្រស្ថិតិបំណុល ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងចំណោមបំណុលជាង៩.៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ ៤១% ដែលមានចំនួន ៣ ៩៩៣.៨៦លានដុល្លារ, បារាំង ចំនួន៤៧០.៥៩លានដុល្លារ ស្មើនឹង៥%, ជប៉ុនចំនួន ១០២០.៧៣លានដុល្លារ ដែលស្មើនឹង១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០.៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក។

នៅក្នុងត្រី មាសទី១ ឆ្នាំ០២២នេះ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១៨៣.០៣ លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការទូទាត់បំណុលក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានកំណើនប្រមាណ ៣៣%៕