(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលនាំឱ្យប្រទេស និងប្រជាជនកម្ពុជា-វៀតណាម ទទួលបាននូវផលប្រយោជន៍ជាច្រើនពីទំនាក់ទំនងល្អ៥៥ឆ្នាំមកនេះ។ សម្តេចតេជោ បានលើកឡើងពីសារៈសំខាន់នៃសាមគ្គីភាពរវាងប្រទេសទាំងពីរ ហើយសាមគ្គីភាពដ៏ល្អនេះមិនអាចបំបែកបំបាក់បាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះ លោកស្រី ង្វៀន ធីថាញ់ បានថ្លែងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូ អញ្ជើញចូលជួបសំដែងការគួរសម។

លោកស្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកស្រី គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។

លោកស្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកស្រី ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។

សម្តេចតេជោ បានគូសរំលេចថា ប្រទេសទាំងពីរកម្ពុជា និងវៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, សភា និងសភា រហូតដល់អង្គការមហាជន។ សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់ របស់អង្គការមហាជនក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោ បានអបអរសាទរជូនចំពោះ លោកជំទាវ ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ សម្តេចតេជោបន្តថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម- កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ។ អ្វីដែលសំខាន់ថែមទៀតនោះ គឺប្រទេសទាំងពីរត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ហើយមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ។

សម្តេចតេជោ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ប្រទេសវៀតណាម។ ការរីកចម្រើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចម្រើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។

សម្តេចតេជោបន្ថែមថា វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លា ដែលជាទំហំមួយដ៏ធំ។ សម្តេចតេជោ បានស្នើដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ១៩របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែនសន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចម្រើន ទេសចរណ៍ អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកស្រី ង្វៀន ធីថាញ់ ជម្រាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីពង្រីកសកម្មភាពរបស់សមាគមឱ្យមានសកម្មភាពច្រើនជាមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសរវាងប្រជាជន និងប្រជាជន។

លោកស្រី មានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកស្រីឱបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងការជំរុញដំណើរការរបស់សមាគមទាំងពីរ ឱ្យកាន់តែបោះជំហានទៅមុខ។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនឹងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕