(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

សារលិខិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅវេលាម៉ោង០៦:៥០នាទី ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហាឆ្នាំ២០២២ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកមរណទុក្ខ ដោយក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តម និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ភរិយា ម្ដាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌។

មរណភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានលះបង់កម្លាំងកាយ ចិ ធនធាន និងបញ្ញាស្មារតី ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនាពេលកន្លងមក។

ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ នាវ ច័ន្ទថាណា សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា លោកស្រី លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៨ឆ្នាំ៕