(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ, ក្រសួងយុត្តិធម៌មិនទាន់បានទទួលទូរស័ព្ទ ពីភាគីណាមួយ ដើម្បីណាត់ជួបឲ្យពន្យល់ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមការអញ្ជើញរបស់ក្រសួងនៅឡើយ នេះបើមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹង។

សូមជម្រាបថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់។

ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់នេះ ត្រូវធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២, ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទី តទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់គណបក្សនយោបាយ ឬអង្គការ សង្គមស៊ីវិល។

ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលមានបំណងជួបក្រសួងយុត្តិធម៌ តាមការ អញ្ជើញនេះ សូមមេត្តាទាក់ទងឱ្យបានមុនថ្ងៃជួបមួយថ្ងៃ ដើម្បីចុះឈ្មោះ និងកំណត់កាលបរិច្ឆេទជួប តាមរយៈ៖ (១)-លោក ទីវ សូផុណ្ណារតន៍ ០៦១ ៤៩៩ ៩៦៤ ឬ (២)-កញ្ញា ឈួន មរកត ០៧០ ៨៤០ ៥៨៥។

ដើម្បីធានាបានតម្លាភាពនៅក្នុងជំនួបនេះ, ក្រសួងយុត្តិធម៌ ក៏ប្រកាសអញ្ជើញអ្នកសារព័ត៌មាន មេត្តាតាមដាន និងយកព័ត៌មានដោយផ្ទាល់ពីជំនួបនេះ ទៅតាមកាលបរិច្ឆេទ ដែលក្រសួងយុត្តិធម៌ នឹងជម្រាបជូនតាមក្រោយ បន្ទាប់ពីទទួលបានសំណើពីសំណាក់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលឆ្លើយតបទៅនឹងការអញ្ជើញ ជាសាធារណៈរបស់ក្រសួងយុត្តិធម៌៕