(ភ្នំពេញ)៖ សហភាពសហជីពការងារកម្មករកម្ពុជា CWLCU តំណាងឱ្យកម្មករនិយោជិតជាង ៣ម៉ឺននាក់ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងសំណង់ ប្រកាសគាំទ្រយ៉ាងក្លៀវក្លា ចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ក្នុងញត្តិគាំទ្រនេះ សហភាពសហជីពការងារកម្មករកម្ពុជា ការធ្វើវិសោធនកម្មនេះធ្វើឡើងក្នុងគោលបំណងការពារឧត្តមប្រយោជន៍ជាតិ ជាពិសេសដើម្បីបំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន និងធានាឱ្យស្ថាប័នសំខាន់ៗរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មជូនជាតិ និងមាតុភូមិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់នព្រះរាជាណាចក្រកម្ពុជា។

ញត្តិបន្តថា សហភាពសហជីពការងារកម្មករកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើវិសោធនកម្ម ដែលត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិជាធរមាន។

សហភាពសហជីពការងារកម្មករកម្ពុជា បានគូសបញ្ជាក់ថា ខ្លួនគាំទ្រយ៉ាងពេញទំហឹងលើការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធានាបាននូវភាពមិនជាប់គាំងគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល និងការធានាឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕