(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានជួបប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា (លើកទី២)។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា កិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន នាឱកាសនេះរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធិភាព សុវត្ថិភាព ថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត ជីវភាពប្រជាពលរដ្ឋ សន្តិសុខសង្គម សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ ក្នុងការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន ឲ្យមាននិរន្តរភាព។

លោកប្រធាននាយកដ្ឋានបន្ដថា ការគ្រប់គ្រងសន្តិសុខឯកជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងស្ថេរភាពនយោបាយ ដោយមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមពីវិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌនៃការអភិវឌ្ឍវិស័យសន្តិសុខឯកជន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជួយបង្កើនការងារ ផ្តល់អទិភាព ដល់មន្រ្តីរាជការកងកម្លាំង មន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍នៅមានសមត្ថភាព និងកាយសម្បទា សុខភាពល្អដើម្បីជួយបង្កើនចំណូលជីវភាពគ្រួសារបន្ថែម។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ទៀតថា កិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជនលើកទី ២នេះ ក្នុងគោលបំណង៖

*ទី១៖ បន្តអនុវត្តផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់រយៈពេលវែង សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងធានាឲ្យបាននូវប្រសិទ្ធិភាពខ្ពស់នៃស្ថាប័នសាធារណៈ

*ទី២៖ លើកកម្ពស់បន្ថែមនូវការយល់ដឹងដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះ ស្ថាននានា ក្នុងការជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន អំពីនីតិវិធីសុំច្បាប់ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់

*ទី៣៖ ដើម្បីគ្រប់គ្រងទិន្នន័យបច្ចុប្បន្នភាព និងកំណត់ផែនទីគោលដៅជាក់លាក់មួយ របស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នូវបណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា ដែលមានច្បាប់ និងអត់ច្បាប់ រួមទាំងកម្លាំងភ្នាក់ងារសន្តិសុខឯកជន និងគោលដៅឈរជើងឲ្យបានច្បាស់លាស់

*ទី៤៖ ជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា បង់កម្រៃសេវាសាធារណៈ ជូនរដ្ឋ ដែលជាកាតព្វកិច្ចត្រូវអនុវត្តទៅតាមប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនចំណូលថវិកាជាតិ

*ទី៥៖ ជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា បញ្ជូនភ្នាក់ងារសន្តិសុខទាំងអស់ដែលកំពុងបម្រើការងារឲ្យក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថាន មកទទួលការបណ្តុះបណ្តាល ជំនាញភ្នាក់ងារសន្តិសុខឯកជនឲ្យបានគ្រប់គ្នា ដើម្បីទទួលបានចំណេះដឹងជំនាញពិតប្រាកដ ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជនសមស្របតាមស្តង់ដារជាតិ ដែលរៀបចំដោយ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន

*ទី៦៖ ចូលរួមចែករំលែករវាងវិស័យសាធារណៈ និងវិស័យឯកជន អំពីបញ្ហាប្រឈមក្នុង វិស័យសន្តិសុខ ឯកជនទាំងអស់គ្នា ដើម្បីស្វែងរកបន្ថែមនូវធាតុចូលក្នុងការពង្រាងបង្កើតច្បាប់ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ឲ្យមាននិរន្តរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនាពេលអនាគត

*ទី៧៖ ផ្តួចផ្តើមក្នុងការរៀបចំបង្កើត សមាគមន៍សន្តិសុខឯកជនកម្ពុជា Cambodia Private Security Association (CPSA) ដើម្បីជាយន្តការសម្រាប់ផ្សាភ្ជាប់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងផ្នែកឯកជន ជាមួយពាណិជ្ជករ និងភ្នាក់ងារសន្តិសុខឯកជន ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងដើម្បីជាយន្តការសម្រាប់ការពារផលប្រយោជន៍ជូនពាណិជ្ជករ និងភ្នាក់ងារសន្តិសុខឯកជន ព្រមទាំងជួយដោះស្រាយរាល់បញ្ហាកើតមានឡើងចំពោះវិស័យសន្តិសុខឯកជនផងដែរ។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេស ចំនួន២៨,៦៨១នាក់ (ស្រី២,៣៧៦នាក់) ក្នុងនោះរួមមាន៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សរុបចំនួន២៦១ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនកំពុងដំណើរការ ចំនួន២៣៣ក្រុមហ៊ុន ប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៤,៩១៩នាក់ (ស្រី២,០៣៧នាក់) និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ចំនួន១,៩៧១គ្រឹះស្ថាន ប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៣,៧៦២នាក់ (ស្រី៣៣៩នាក់)៕