(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានព្រៃឈើយកដីល្មើសច្បាប់តាមគ្រប់រូបភាព មកធ្វើជាកម្មសិទ្ធិឯកជន ជាពិសេសត្រូវបង្កើននូវប្រសិទ្ធភាព នៃការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃគ្រប់ប្រភេទ។

ការថ្លែងបែបនេះរបស់ អភិបាលខេត្តស្វាយរៀង ធ្វើឡើងក្នុងឱកាសប្រារព្ធពិធី «រុក្ខទិវា៩កក្កដា» ស្ថិតនៅក្នុងបរិវេណវត្តបឹងកែក ភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីបុណ្យរុក្ខទិវា នៅក្នុងបរិវេណវត្តបឹងកែក នាថ្ងៃនេះ។

នេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការសហការគ្នាយ៉ាងល្អប្រសើរ រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ រវាងរដ្ឋ ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធ ក្នុងការចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ និងលើកកម្ពស់សោភ័ណភាព ប្រកបដោយបរិយាកាសបរិសុទ្ធក្នុងទីវត្តអារាម សម្រាប់បម្រើឲ្យប្រយោជន៍របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គផង និងពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅក្នុងទីវត្តអារាម។

ក្នុងនាមរដ្ឋបាលខេត្ត លោកសង្ឃឹមថា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជាពិសេសយុវជន សិស្សានុសិស្ស បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា អង្គភាពរដ្ឋ តាមដងផ្លូវ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប ស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា សំដៅធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងមូលដ្ឋានភូមិ ឃុំ ក្នុងខេត្តស្វាយរៀងយើងនិយាយដោយឡែក កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល។

ជាមួយគ្នានេះ លោក ម៉ែន វិបុល បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៊ាំនៅក្នុងសហគមន៍របស់យើង ទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩ និងសូមមានការប្រុងប្រយ័ត្នដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ផងដែរ៕