(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងនូវការអរគុណចំពោះប្រទេសឥណ្ឌូនេស៉ី ដែលព្រមទទួលធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីប្រទេសវៀតណាម បានខកខានសុំពន្យារពេលដោយសារតែវិបត្តិជំងឺកូវីដ១៩។

សារថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ដំបូន្មាន ដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី។ ជំនួបនេះធ្វើឡើងនៅវិមានសន្ដិភាព។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កន្លងទៅហ្វីលីពីន ក៏ខកខានមិនបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉ារ៉ាហ្គេមនេះដែរ ដោយសារតែវិបត្តិគ្រោះមហន្ដរាយនៅក្នុងប្រទេសរបស់ខ្លួន ដូច្នេះហើយឱកាសនេះជាឱកាសដ៏ល្អ ដែលប្រទេសឥណ្ឌូនេស៉ី បានព្រមព្រៀងធ្វើជាម្ចាស់ផ្ទះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងគួរតែអរគុណដល់ឥណ្ឌូនេស៉ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្កើតឲ្យមានព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនេះ សម្រាប់ជនពិការរបស់យើង ជៀសវាងនូវការខកខាន។ ប្រសិនបើខកខានឆ្នាំនេះទៀត ត្រូវខកខានអស់ពីរការប្រកួត នៅហ្វីលីពីន និងវៀតណាម ប៉ុន្ដែជាការល្អដែលប្រទេសឥណ្ឌូនេស៉ី បានរៀបចំធ្វើនូវកិច្ចការងារនេះ»

សូមជម្រាបថា លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១៦៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។

លោក យី វាសនា បានបញ្ជាក់ទៀតថា កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។ ប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចាត់តាំង លោក ហ៊ុន ម៉ានី ជាអ្នកដឹកនាំប្រតិភូទៅចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី។

សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបនាព្រឹកមិញនេះ ក៏បានផ្ដាំផ្ញើនូវការងារចាំបាច់មួយចំនួន សម្រាប់អត្តពលិកកម្ពុជា ដែលត្រៀមខ្លួនមុនចេញទៅធ្វើការប្រកួតនាពេលខាងមុខ។ សម្តេចតេជោបានថ្លែងថា ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខណ្ឌនៃការគោរពច្បាប់ការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យកីឡាករទៅចាក់ដូសទី៤ និងទី៥ មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី បើសិនដល់ពេលវេលាកំណត់ ហើយសម្រាប់ការចេញទៅប្រកួតនេះ សម្ដេចបានសម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាទៅតែម្ដង ជាមួយនឹងការឧបត្ថម្ភថវិកាដល់កីឡាករ កីឡាការិនី និងប្រតិភូម្នាក់ៗ ៥០០ដុល្លារផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រទេស ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា ហើយតែងតែផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុននឹងចេញទៅចូលរួមប្រកួតនូវព្រឹត្តិការណ៍នានា។ តាមរយៈជំនួបសំណេះសំណាលនេះ ប្រមុខរាជរដ្ឋាភិបាល តែងតែផ្តល់នូវការណែនាំ និងដំបូន្មានផ្សេងៗ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជាប្រតិភូកីឡា៕