(កណ្ដាល)៖ ខ្មាន់កាំភ្លើងដែលបើកការបាញ់ជាង១០គ្រាប់ ក្នុងផ្ទះវីឡាមួយកន្លែង នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង បណ្ដាលឲ្យអ្នកយាមផ្ទះម្នាក់ស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ ត្រូវបានចាប់ខ្លួន នៅស្រុកស្អាង ខេត្តកណ្ដាល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបាញ់ចូលផ្ទះវីឡាមួយកន្លែង បណ្ដាលឲ្យអ្នកយាមម្នាក់ស្លាប់នោះ ត្រូវចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្រុកស្អាង ខេត្តកណ្ដាល។

បើតាមលោក ស៊ឹម ពិសិដ្ឋ ការចាប់ខ្លួនជនដៃដល់រូបនេះ បានធ្វើឡើងក្រោយកិច្ចសហការរវាងកម្លាំងនគរបាលខណ្ឌបឹងកេងកង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ។

របាយការណ៍របស់នគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ទីលំនៅផ្ទះលេខ ៣៨ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរបើកឡាន។ ដោយឡែកជនដៃដល់ដែលត្រូវចាប់ខ្លួនមានឈ្មោះ អ៊ូ សុភី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរបើកឡាន។

ក្រោយការចាប់ខ្លួនជនដៃដល់រូបនេះ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕