(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅកម្ពុជាបានរំពឹងថា ការបើក«ជើងហោះហើរ»ដោយត្រង់រវាងកម្ពុជា និងចិនឡើងវិញ នឹងជំរុញកំណើនភ្ញៀវទេសចរ ព្រមទាំងអ្នកវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន បន្ទាប់ពីមានការកាត់បន្ថយអស់មួយរយៈដោយសារតែការវាយលុកពីជំងឺកូវីដ-១៩នៅលើសកលលោក។

ការផ្តល់ក្តីរំពឹងបែបវិជ្ជមាននេះ ក្រោយពីមានការប្តេជ្ញាចិត្តរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ ខែកក្កដាថ្មីៗនេះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ការឯកភាពគ្នារបស់ប្រមុខការទូតកម្ពុជាចិន ក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ ជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកស្រីបញ្ជាក់ថា កន្លងមកភ្ញៀវទេសចរចិន មានការជួបលំបាកក្នុងការធ្វើដំណើរទៅវិញទៅមក ដោយសារតែសំបុត្រយន្តហោះថ្លៃ និងពិបាកកក់សំបុត្រថែមទៀតផង ព្រោះតែជើងហោះហើររវាងប្រទេសទាំងពីរមានចំនួនតិច និងមានលក្ខខណ្ឌតឹងរឹងសម្រាប់អ្នកធ្វើដំណើរចូលប្រទេសចិន។

លោកស្រី ឆាយ ស៊ីវលីន បាននិយាយដូច្នេះថា៖ «ភ្ញៀវទេសចរខ្វះមធ្យោបាយធ្វើដំណើរ ធ្វើឱ្យសំបុត្រយន្តហោះក៏ឡើងថ្លៃ ហើយមិនត្រឹមតែថ្លៃទេ ពិបាកក្នុងការកក់ទៅទៀត។ ដូច្នេះ បើយើងមានជើងហោះហើរ ឱ្យកាន់តែសម្បូរបែបបន្តិចទៅ គឺជំរុញឱ្យលំហូរភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើររបស់ធុរៈកិច្ចផ្សេងៗកាន់តែច្រើន ហើយអាចជំរុញកំណើនសេដ្ឋកិច្ចឱ្យកើនជាងមុនផងដែរ»

ឯកឧត្តមស៊ីន ចាន់ សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ប្រទេសកម្ពុជាមិនដែលបិទជើងហោះហើរទេ ហើយកម្ពុជា ក៏ជាប្រទេសទី១នៅអាស៊ាន ដែលបានបើកចំហក្នុងការទទួលអ្នកដំណើរតាមផ្លូវអាកាស ព្រមទាំងបានកាត់បន្ថយការធ្វើចត្តាឡីស័ករបស់ភ្ញៀវ ពេលមកដល់កម្ពុជាដើម្បីបង្កភាពងាយស្រួលដល់ធ្វើដំណើរតាមផ្លូវអាកាសនេះ។ កន្លងមកនេះប្រទេសចិន បានដាក់វិធានការរឹតបណ្តឹងការធ្វើដំណើរ និងកាត់បន្ថយជើងហោះហើររបស់នៅតំបន់មួយចំនួន នៃប្រទេសចិនយ៉ាងតឹងតែង ហើយសម្រាប់ការហោះហើរត្រង់ពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជាក្នុងបរិបទកូវីដ-១០យើងធ្លាប់មានការហោះហើរមួយជើងមក និងមួយជើងទៅក្នុងមួយសប្តាហ៍។ក្រោយមកទៀតបានពីរជើងក្នុងមួយសប្តាហ៍ បានន័យថា ចេញពីកម្ពុជាពីរជើង និងមកពីចិនវិញពីរជើង។

ឯកឧត្តមបញ្ជាក់ថា នៅដើមខែកក្កដានេះភាគីកម្ពុជានិងចិនបានឯកភាពគ្នាបើកឱ្យមានការហោះហើរពី កម្ពុជាទៅចិន និងពីចិនមកកម្ពុជាវិញរហូតដល់បីជើងទៅ និងបីជើងមកក្នុងមួយសប្តាហ៍។ ហើយប្រសិនបើស្ថានភាពកូវីដ-១៩នៅប្រទេសចិនមានលក្ខណៈធូរស្រាល អាចគ្រប់គ្រងបានភាគីចិននឹងបង្កើនជើងហោះហើរជាបណ្តើរៗថែមទៀត។

ឯកឧត្តមអ្នកនាំពាក្យជឿជាក់ថា ពេលភាគីចិនបានបង្កើនជើងហោះហើរឱ្យកាន់តែច្រើន ព្រមទាំងកាត់បន្ថយ ការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរឱ្យមករយៈពេលខ្លីនឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរវាង កម្ពុជាចិននឹងកើនឡើង ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ឯកឧត្តមបាននិយាយដូច្នេះថា៖ «ទំនាក់ទំនងផ្នែកវិនិយោគ សេដ្ឋកិច្ចរដ្ឋាបាល ជាពិសេសភ្ញៀវទេសចរ នឹងមានភាពល្អប្រសើរឡើងវិញ ពេលដែលយើងបានបើកទូលាយនូវការទទួលភ្ញៀវទេសចរតាមផ្លូវអាកាសនេះ។ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់។ ការបង្កើនជើងហោះហើរនេះគឺជាសញ្ញាណឈានទៅរកភាពល្អប្រសើរច្រើន»

បើតាមការព្យាករណ៍របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងអង្គការទេសចរណ៍អន្តរជាតិ បានឱ្យដឹងថា នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ចំនួនភ្ញៀវដែលធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើងប្រហាក់ប្រហែលទៅនឹងកាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានការផ្ទុះកូវីដ-១៩ នៅលើពិភពលោក។

គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានភាគីទាំងពីរចាត់ទុកថា មិត្តដែកថែប ហើយចិនជាប្រទេសឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។ ជាក់ស្តែងក្នុងពេលដែលវិបត្តិកូវីដ-១៩ចិនក្លាយជាប្រទេសដំបូងគេដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាពេទ្យទាន់ពេលវេលា តាមតម្រូវការរបស់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ រហូតដល់កម្ពុជាអាចគ្រប់គ្រងកូវីដ-១៩ជោគជ័យ និងបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)