(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តចំនួន០២ គឺវត្តសីលារង្សី (ហៅវត្តថ្កូវ) ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងវត្តវិហារទន្ទឹម ស្ថិតក្នុងសង្កាត់សួង ក្រុងសួង។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងបុត្រ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាវត្តនានា ជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល ៣ខែនេះ។

ពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនលោកបណ្ឌិត និងលោកស្រី ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។

ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ ដល់ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាលសួរសុខទក្ខ ព្រមទាំងអំពាវនាវដល់លោកតាលោកយាយ ប្រជាពលរដ្ឋ បន្តរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ពិសេសថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ «ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ»

សូមបញ្ជាក់ថា ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកទៅវេរប្រគេនវត្តទាំង០២ ក្នុងនោះវត្តសីលារង្សី (ហៅវត្តថ្កូវ) ប្រគេនទៀនវស្សា១គូ សាដកចំនួន៩ អង្ករ២០០គីឡូក្រាម មី១កេសធំ ទឹកក្រូច៥កេស ភេសជ្ជៈបាកាស២កេស ទឹកសុទ្ធ១៥កេស ទឹកដោះគោ១០កំប៉ុង ស្ករស១០គីឡូក្រាម តែ៣ថង់ ទឹកត្រី៤យួរ ទឹកស៉ីអ៉ីវ៤យួរ ត្រីខ១កេសធំ អំបិល១០គីឡូក្រាម ព្រមទាំងជួយជួសជុលផ្លូវចូលវត្តប្រវែង ១,៥០០ម៉ែត្រ និងថវិកាកសាងព្រះវិហារ ៧លានរៀល។

សម្រាប់វត្តវិហារទន្ទឹម ប្រគេនអង្ករ១តោន ទឹកសុទ្ធ៥០កេស ទឹកក្រូច១០កេស ទឹកត្រី១០យួរ ទឹកស៉ីអ៉ីវ១០យួរ មី ១០កេស ស្ករស៥០គីឡូក្រាម តែ១០កញ្ចប់ ទឹកដោះគោ១កេស អំបិល៥០គីឡូក្រាម ភេសជ្ជៈបាកាស៥កេស និងស៉ីម៉ង់ដ៍៥០តោន ដើម្បីបន្តកសាងសាលាពុទ្ធិកសិក្សា ១ខ្នងផងដែរ៕