(ប៉ៃលិន)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ពៅ សុខ ក្នុងនាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានសំណេះសំណាលសួរសុខទុក្ខលោកតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ចំនួន ៥៥នាក់ ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែកក្កដា ឆ្នាំ២០២២ ពីក្រុមការងាររបស់មូលនិធិចាស់ជរារបស់លោកស្រី បាន ស្រីមុំ អ៉ី ឈាន។

លោកស្រី ពៅ សុខ បានថ្លែងថា មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។

ក្នុងឱកាសនោះដែរ លោកស្រីក៏បានអំពាវនាវដល់លោកយាយ លោកតាទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល៕