(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន រួមសហការជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, មូលនិធិ Sir Bobby Charlton, មូលនិធិ Prince និងសភាពាណិជ្ចកម្មអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញទស្សនកិច្ចស្វែងយល់អំពីសកម្មភាពហ្វឹកហ្វឺនការងារបោសសម្អាតមីន និងសុនខរាវមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅក្រោមកម្មវិធី «ឥទ្ធិពលស្រ្តីក្នុងវិស័យសកម្មភាពមីន»

ក្នុងដំណើរទស្សនកិច្ច លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរចំពោះកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ សកម្មភាពហ្វឹកហ្វឺន សមត្ថភាព ជំនាញ និងបច្ចេកទេសរបស់អ្នកដោះមីន ដែលទទួលបានមកពីវិទ្យាស្ថាននេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ស៊ីម៉ាក់ គឺជាមជ្ឈមណ្ឌលបោសសម្អាតមីនជាតិដ៏លេចធ្លោមួយ និងមានសមត្ថភាពខ្ពស់ ព្រមទាំងបានចូលរួមរំដោះផ្ទៃដីពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមច្រើនជាងគេនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព និងត្រូវបោសសម្អាតមីនឲ្យអស់ពីកម្ពុជា ដើម្បីផ្តល់នូវស្នាមញញឹមជូនប្រជាពលរដ្ឋ។

លោកបន្តទៀតថា ថ្មីៗនេះ សម្តេចតេជោ បានផ្តល់បេសកកម្មឲ្យអាជ្ញាធរមីន ដឹកនាំ និងរៀបចំវិស័យសកម្មភាពមីនជាមួយប្រតិបត្តិករជាតិ ដើម្បីរៀបចំផែនការ និងដាក់ពង្រាយកម្លាំងបោសសម្អាតមីន ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ដំណាក់កាលដំបូង ក្នុងនោះត្រូវការជាចំបាច់នូវកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចូលរួមផងដែរ ដែលត្រូវអនុវត្តតាមស្តង់់ដាសកម្មភាពកំចាត់មីនកម្ពុជា៕