(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS Rattanakosin FS-441 ដឹកនាំដោយលោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ ចូលជួបសម្តែងការគួសមនៅសាលាខេត្តព្រះសីហនុ។

លោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូរបស់លោក ចូលជួបសម្ដែងការគួរសមក្រោយស្ថានភាពកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។

លោកបន្ដថា ថ្ងៃនេះជាបេសកកម្មរបស់កងទ័ពជើងទឹកភូមិន្ទថៃ បានបញ្ជូននាវាមកធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង បន្ទាប់ពីជំងឺកូវីដបានធូរស្បើយ។ ទោះបីមានផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ប៉ុន្តែកងទ័ពជើងទឹក នៃប្រទេសទាំងពីរ បានបើកកិច្ចប្រជុំពីចំងាយជាមួយគ្នាជាបន្តបន្ទាប់តាមរយៈប្រព័ន្ធអនឡាញ។

លោកបានបញ្ជាក់ថា កាលពី៧ឆ្នាំមុន លោកបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមកដល់ពេលនេះមានការផ្លាស់ប្តូរអភិវឌ្ឍរីកចម្រើនលឿនសឹងតែមើលមិនស្គាល់ សង្ឃឹមថាប្រទេសទាំងពីរ ប្រជាពលរដ្ឋប្រទេសទាំងពីរ ចេញចូលឆ្លងដែនដោយសុវត្ថិភាព ធ្វើឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។ ក្រោយការរាតត្បាតនៃជំងឺកូវីដ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងផ្លូវគោក និងផ្លូវទឹកមានទំនាក់ទំនងល្អប្រសើរឡើងវិញ និងបានថ្លែងអំណរគុណ អភិបាលខេត្តព្រះសីហនុ និងសហការី ដែលបានទទួលស្វាគមន៍ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃបំពេញទស្សនកិច្ចផ្លូវការនាពេលនេះ។

ជាការឆ្លើយតប លោក គួច ចំរើន បានស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានធ្វើដំណើរពីប្រទេសថៃ មកបំពេញទស្សន កិច្ចនៅកម្ពុជា ជាលើកដំបូងបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ។

កម្ពុជា ក៏បានទទួលនាវាកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន៩លើក ស្មើនឹង១៣គ្រឿងរួចមកហើយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា និងថៃជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ ម្យ៉ាងទៀតឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ានផងដែរ។

លោកអភិបាលខេត្តបានបន្តថា ទោះបីនៅក្នុងឆ្នាំ២០២០កន្លងមក កម្ពុជា ក៏ដូចជាពិភពលោកស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន កម្ពុជា និងថៃបានសហការគ្នាបានល្អ ដោយរើសបានកញ្ចប់គ្រឿងញៀនជាច្រើននៅក្នុងលំហសមុទ្រ ហើយលទ្ធផលនេះឆ្លុះបញ្ចាំងពីសកម្មភាពពួកឧក្រិដ្ឋជនគ្មានឱកាសរត់ពន្ធគ្រឿងញៀនបានសម្រេច យើងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់។

ក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកភូមិន្ទថៃនាពេលនេះ និងបានចូលរួមចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា និងកងទ័ពជើងទឹកភូមិន្ទថៃ។ យើងជាប្រទេសស្ថិតក្នុងតំបន់អាស៊ានតែមួយ មានប្រជាជនថៃ បានមកធ្វើកានៅខេត្តព្រះសីហនុ ហើយប្រជាជនកម្ពុជា ក៏ទៅធ្វើការនៅប្រទេសថៃមានចំនួនច្រើនផងដែរ។

លោក គួច ចំរើន បានជូនពរដំណើទស្សនកិច្ច និងដំណើកម្សាន្តរបស់ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ នៅលើទឹកដីខេត្តព្រះសីហនុ ទទួលបានសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ នាវាចម្បាំងនៃកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន០១គ្រឿង ឈ្មោះ រតនៈកូស៊ីន (HTMS Rattanakosin FS-441) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាវានេះមានបណ្តោយ ៧៦.៨២ម៉ែត្រ ទទឹង៩.៥៥ម៉ែត្រ ជម្រៅទឹក៤.៥០ម៉ែត្រ មានទម្ងន់ផ្ទុក៩៦២តោន និងមាននាវិកចំនួន៩២នាក់ ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរ:ភីនយ៉ូ មេបញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងទ័ពជើងទឹកភូមិន្ទថៃ។

ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល៤ថ្ងៃ)៕