(ព្រៃវែង)៖ លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្ត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ២០២២ ក្នុងនោះរដ្ឋបាលខេត្ត និងមន្ត្រីរាជការ បានដាំកូនឈើចម្រុះចំនួន៣៥០ដើម ព្រមទាំងបន្តចែកកូនឈើជាង២,០០០ដើម ដល់ប្រជាពលរដ្ឋដើម្បីដាំបន្ត។

ពិធីនេះមានការចូលរួមពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ខរដ្ឋបាល ព្រៃឈើ ព្រមទាំង មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមស្រុកបាភ្នំ ក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ ប្រធានមន្ទីរកសិកម្ម បានលើកឡើងថា ចលនាដាំដើមឈើបានកកើតឡើង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៃយើង ដែលនៅពេលនោះមានឈ្មោះថា៖ «ទិវាហត្ថកម្មដាំដើមឈើ» ការងារដាំដើមឈើត្រូវបានជំរុញយ៉ាងសកម្ម ដោយមានការចូលរួម យ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយជាបណ្ដើរៗសកម្មភាព ដ៏ទូលំទូលាយនេះ បានក្លាយជាចលនាសង្គមគំរូមួយ ដែលនៅទីបំផុតត្រូវទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា «បុណ្យរុក្ខទិវា» (ដែលកំណត់ដោយព្រះរាជក្រិត្យលេខ ៧៣៨ ន.ស ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ១៩៥២) បន្តរហូតមកដល់បច្ចុប្បន្ននេះ។

លោកបានបន្តថា ក្នុងទិសដៅបន្តវេនដ៏ប្រពៃនេះ ក្រសួងកសិកម្ម ដែលមានរដ្ឋបាលព្រៃឈើ ជាសេនាធិការ បានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល នានាលើកកម្ពស់ស្មារតីជុំរុញ និងអនុវត្តការងារដាំឈើឡើងវិញ នៅលើដីទំនេរ ដីព្រៃរិចរិល ព្រមទាំង ចលនាប្រជាពលរដ្ឋ ដាំដើមឈើនៅគ្រប់ទីកន្លែង ក្នុងនោះខេត្តព្រៃវែង ក៏ជាខេត្តមួយដែលត្រូវធ្វើការដាំដុះ ព្រៃឈើឡើងវិញផងដែរ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំខេត្តព្រៃវែង តែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដីទំនេរសាធារណៈ តាមវត្តអារ៉ាម សាលារៀន និងដាំក្នុងពិធីបុណ្យ រុក្ខទិវា បានចំនួន៣៤លើក និងបានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទបានប្រមាណជាង ៧៥ម៉ឺនដើម សម្រាប់ធ្វើការចែកចាយជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នផ្សេងៗទៀត និងដាំក្នុងពិធីសម្ភោធសមិទ្ធិផលនានាជារៀងរាល់ឆ្នាំ។ ដោយឡែកនៅឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានបណ្តុះកូនឈើចម្រុះប្រភេទបានចំនួន ៣៧,៨៤១ ដើម មានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម។ល។

លោកអភិបាលរងខេត្ត បានថ្លែងថា ក្នុងឱកាសបុណ្យរុក្ខទិវាឆ្នាំនេះ ដោយមានការឯកភាព និងគាំទ្រពីលោកអភិបាលខេត្ត បានកំណត់យកទីតាំងបរិវេណស្នាក់ការសាខាកាកបាទក្រហមស្រុកបាភ្នំ និងតាមដងផ្លូវជុំវិញសាលាស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបុណ្យដាំដើមឈើចម្រុះប្រភេទប្រមាណជាង៣៥០ដើម និងមានកូនឈើចម្រុះប្រភេទប្រមាណជាង ២,០០០ដើម សម្រាប់ប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារ៉ាម សាលារៀន និងតាមលំនៅដ្ឋាន ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយនូវប្រភេទឈើក្រញូង, បេង, កកោះ, គគីរ, ឈើទាល និងកូនឈើហូបផ្លែខ្នុរ, ស្វាយ, ម្រុំ, ស្តៅ ទន្ទឹមនឹងនេះបាននឹងកំពុងរៀបចំផែនការដាំដើមឈើ និងចែកចាយកូនឈើតាមវត្តអារាម សាលារៀន តាមផ្លូវសាធារណៈ និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្ត។

លោកអភិបាលរងខេត្ត បានលើកឡើងបន្តទៀតថាដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងជួយបន្សុទ្ធជាតិពុល បង្កើននូវខ្យល់បរិសុទ្ធសម្រាប់មនុស្ស សត្វ នៅលើផែនដីយើងនេះ។

លោក ចាន់ រ៉ាន់ ក៏បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នា ដើម្បីចូលរួមចំណែកក្នុងការបង្កើននៅបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីផងដែរ៕