(ភ្នំពេញ)៖ លោក Tai Susumu កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន បានដឹកនាំក្រុមហ៊ុនជប៉ុន អញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលរបស់បណ្តាញព័ត៌មាន Fresh News ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានពិភាក្សាការងារប្រមាណជាង២ម៉ោង ជាមួយលោក Tai Susumu កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន ព្រមទាំងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន Charaxyz ដែលជាក្រុមហ៊ុនផលិតតុក្កតាដ៏ល្បី របស់ប្រទេសជប៉ុន។

លោក Tai Susumu បានថ្លែងអរគុណចំពោះការអនុញ្ញាតឲ្យលោក រួមនិងភាគីក្រុមហ៊ុនបានមកទស្សនកិច្ច និងពិភាក្សាការងារនៅ អង្គភាពព័ត៌មាន Fresh News។ ខាងភាគីក្រុមហ៊ុនក៏បានធ្វើបទបង្ហាញ ពីសេវាកម្មក្រុមហ៊ុនក្នុងការផលិត «តុកុតា» សម្រាប់ធ្វើនិមិត្តសញ្ញាសំគាល់ប្រចាំក្រុមហ៊ុននិមួយៗ តាមតម្រូវក្រុមហ៊ុនចង់បាន រួមទាំងបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុនធំរបស់ខ្លួន នៅប្រទេសជប៉ុន ដែលទទួលបានជោគជ័យលើវិស័យផលិតតុក្កតានេះ។

លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណលោក Tai Susumu និងភាគីក្រុមហ៊ុន ដែលបានមកទស្សនកិច្ច និងធ្វើបទបង្ហាញ។ លោកអគ្គនាយក ក៏បានធ្វើបទបង្ហាញពីសក្តានុពលរបស់បណ្តាញព័ត៌មាន Fresh News និងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយ ព័ត៌មាន និងការផ្សាយពាណិជ្ជកម្ម ដែលបានដើរតួនាទីដ៏ចាំបាច់ សម្រាប់ផ្តល់ដំណឹងនានាៗជូនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុមហ៊ុននានាផងដែរ។

ជាមួយនោះដែរ លោក Tai Susumu បានថ្លែងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខ លោក នឹងនាំយកនូវសម្ភារៈបរិក្ខាពេទ្យតេស្តកូវីដ១៩ មួយចំនួន ផ្តល់ជូនក្រសួងសុខាភិបាល ដើម្បីទុកប្រើប្រាស់បម្រើជូនដល់ប្រជាពលរដ្ឋកម្ពុជា៕