(ភ្នំពេញ)៖ លោកស្រី Orna Sagiv (អរណា សាហ្គីវ) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំៗ មាននិស្សិតខ្មែរចំនួន៤០០នាក់ បានទៅចូលរួមកម្មសិក្សា នៅប្រទេសអ៉ីស្រាអែល អំពីវិស័យកសិកម្ម និងអនុវត្តពីកសិកម្ម។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ព័ត៌មាន Fresh News ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-អ៊ីស្រាអែល ឆ្លៀតក្នុងឱកាសលោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកស្រី Orna Sagiv បានបញ្ជាក់យ៉ាងដូច្នេះថា «ជារៀងរាល់ឆ្នាំមាននិស្សិតខ្មែរ៤០០នាក់ ដែលគាត់ចូលរួមកម្មវិធីកម្មសិក្សា នៅប្រទេសអ៉ីស្រាអែល ដែលពួកគាត់អាចរៀនពីវិស័យកសិកម្មផង និងអនុវត្តផង នៅពេលគាត់ត្រឡប់មកវិញ គាត់សឹងតែក្លាយជាទូតស្ម័គ្រចិត្ត ដែលជាស្ពានចំណងរបស់ប្រទេសទាំងពីរ»

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានបញ្ជាក់ថា គិតមកដល់ពេលនេះ មាននិស្សិតកម្ពុជា ជាង៤០០០នាក់ហើយ ដែលបានទៅរៀន នៅប្រទេសអ៉ីស្រាអែល ហើយពេលគាត់ត្រឡប់មកកម្ពុជាវិញ បាននិយាយអ្វីៗដែលល្អៗពីអ៉ីស្រាអែល ដែលជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកស្រី ក៏សូមអរគុណដល់ថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលបានទទួល និងស្វាគមន៍ និងរំពឹងថា នឹងមានឱកាសដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយអ្វីដែលសន្យា និងប្តេជ្ញាចិត្ត គឺលោកស្រីខិតខំឲ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងទំនាក់ទំនងទាំងវិស័យជនផង ទាំងរវាងរដ្ឋាភិបាលទាំងពីរ ដែលជឿជាក់ថា នឹងមានលទ្ធផលល្អ៕