(ប៉ៃលិន)៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សង្កាត់ប៉ៃលិន មានក្រុមប្រឹក្សាសង្កាត់ ចំនួន ០៩រូប ឃុំស្ទឹងកាច់ មានក្រុមប្រឹក្សាចំនួន ០៩រូប។

លោកស្រីអភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ និង ជាមេឃុំ-ចៅសង្កាត់ ជំទប់ទំាងអស់ ដែលបានទទួលនូវសេចក្តីទុកចិត្តពី សំណា ក់ប្រ ជា ព លរដ្ឋ តាមរយៈការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលបោះឆ្នោតជ្រើសរើសឡើង ពីប្រជាពលរដ្ឋ ក្នុងភូមិ និងមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍមូលដ្ឋានក៏ពិតមែន តែក្រុមប្រឹក្សាជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ហើយបន្ទាប់ពីការប្រកាសសុពលភាពនេះទៅ ត្រូវអនុម័ត តាមបទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។

លោកស្រីក៏បានផ្តល់នូវដំបូន្មានល្អៗ និង អនុសាសន៍ បទពិសោធន៍មួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃអាណត្តិទី៥ ដើមី្បជាប្រទីបឆ្លុះបញ្ចាំងក្នុងការគ្រប់គ្រងដឹកនាំឃុំ សង្កាត់ លើកិច្ចអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនបន្ត ហើយបើទោះបី ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិ ថ្មីក៍ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍ មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ បានអនុវត្ដកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវាព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕