(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ វិស័យខាងពុទ្ធចក្រ មានការរីកចម្រើន ប្រកបដោយសាមគ្គីភាព សប្បុរសធម៌ និងសទ្ធាជ្រះថ្លា ជាពិសេស ការជួយតម្កើនតម្លៃនៃព្រះពុទ្ធសាសនារបស់យើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិ សាលាសំណាក់ និងសមិទ្ធផលនានាជាច្រើន នៅក្នុងវត្តសុវណ្ណវតី ហៅវត្តព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។៊

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា សង្គមជាតិមួយស្ថិតស្ថេរយូរអង្វែងបាន ប្រជាជាតិមួយនោះត្រូវរួបរួមការពារជាតិ សាសនា និងវប្បធម៌ ឲ្យបានម៉ត់ចត់ ហើយរួមគ្នាការពារសន្តិភាព ស្រលាញ់សន្តិភាព ផ្សព្វផ្សាយសន្តិភាព និងរួមកសាងសង្គមយើងឲ្យមានថ្លៃថ្នូរឡើងព្រមជាមួយនឹងការកសាងធនធានមនុស្សឲ្យរីកចម្រើនឡើង។

សូមជម្រាបថា កុដិ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ មានបណ្តោយប្រវែង ៥៥ម៉ែត្រ ទទឹង៧.២ម៉ែត្រ និងសាលាសំណាក់យាយជី តាជី មានចំនួន១៦បន្ទប់ ជាសមិទ្ធផលថ្មីបន្ថែមទៀតបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានចូលរួមជាប្រយោជន៍ជាកន្លែងសម្រាប់គោរពបូជា ធ្វើបុណ្យទាន រក្សាសីលតាមគន្លងព្រះពុទ្ធសាសនា និងចូលរួមចំណែកជួយសម្រួលការស្នាក់អាស្រ័យរបស់លោកយាយជី តាជី ផងដែរ៕