(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់បាវិត ក្រុងបាវិតអាណត្តិទី៥ ដើម្បីឲ្យចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ អនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងបម្រើប្រយោជន៍ទាំងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

នាឱកាសនេះលោក លឹម សៀងហេង បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជា យើងបានដំណើរការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន៥ លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជា កាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។

លោក លឹម សៀងហេង បានបញ្ជាក់ថា លោក លោកស្រីដែលទើបជាប់ឆ្នោតថ្មី និងលោក លោកស្រី ដែលបានជាប់ ឆ្នោតឡើងវិញ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈ ក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយកម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។

លោកអភិបាលក្រុងបាវិត បានស្នើក្រុមប្រឹក្សាសង្កាត់បាវិតទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាម គោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខមួយចំនួនឲ្យ បានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។

លើសពីនេះ លោកសូមអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយ ក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារ ប្រាក់កាស និងឯកសារនានាក្នុងឱកាសនេះផងដែរ។

សូមបញ្ជាក់ថា សម្រាប់សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានចំនួន៧អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥អាសនៈ គណបក្សភ្លើងទៀនទទួលបាន២អាសនៈ ហើយលោក សាញ់ សាខុន មកពីគណបក្សប្រជាជនកម្ពុជាទទួលតំណែងជាចៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសំរាប់អាណត្តិទី៥នេះ៕