(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាសេនាធិការបច្ចេកទេស របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម ដើម្បីលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ អំពីប្រព័ន្ធគាំពារសង្គមដល់សាធារជន និងប្រជាពលរដ្ឋគោលដៅឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ស្របពេលដែលបច្ចុប្បន្ននេះ គ្រួសារក្រីក្រនៅកម្ពុជា ត្រូវបានរកឃើញកើនឡើងដល់៧០ម៉ឺនគ្រួសារ ឬប្រមាណ៣លាននាក់។

បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម នៅថ្ងៃទី០៤ ខែកក្កដានេះ ជាការបោះជំហ៊ានថ្មីមួយទៀត នៃការងារទំនាក់ទំនង និងផ្សព្វផ្សាយពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ក្នុងគោលបំណងធ្វើសុខដុមនីយកម្ម ការងារទំនាក់ទំនង និងផ្សព្វផ្សាយ និងដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាព ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពនៃការអនុវត្តគោលនយោបាយ ព្រមទាំងធានាថាប្រជាពលរដ្ឋ ក៏ដូចជាអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គម ទទួលបានព័ត៌មានគ្រប់គ្រាន់ ត្រឹមត្រូវ ទាន់ពេល និងយល់ពីរបប ឬកម្មវិធីគាំពារសង្គម ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីប្រាកថានឹងគ្មានពលរដ្ឋក្រីក្រណាម្នាក់ ត្រូវបានទុកចោល។

លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រែងរបស់ភាគីពាក់ព័ន្ធ, ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ទទួលបានសមិទ្ធផលសំខាន់ៗ ដូចជា៖ បាន និងកំពុងអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» បានរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសមស្រប សម្រាប់យុវជនមកពីក្រុមគ្រួសារក្រីក្រ ដើម្បីបង្កើតលទ្ធភាពក្នុងការចាប់យកជំនាញ និងមុខរបរ តាមរយៈការផ្តល់អាហារូបករណ៍ និងមិនបង់ថ្លៃសាលា ,បាន និងកំពុងអនុវត្ត «កម្មវិធីសាច់ប្រាក់ពលកម្ម - Cash for Work» ដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមទីជនបទ និងផ្តល់ឱកាសការងារជូនពលរដ្ឋតាមមូលដ្ឋាន, បានរៀបចំការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកសោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតក្រោម បទប្បញ្ញត្តិនៃច្បាប់ការងារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្ត ជាផ្លូវការកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃ ក្រសួងផែនការបានឱ្យដឹងថា មុនពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ គ្រួសារក្រីក្រីនៅមានកម្ពុជាមានប្រមាណ៥២ម៉ឺនគ្រួសារ ដែលស្មើនឹងប្រមាណ២លាននាក់ តែចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ដល់ពេលនេះ ក្រសួងបានរកឃើញគ្រួសារក្រីក្រជិត២០ម៉ឺនគ្រួសារបន្ថែមទៀត ដែលនាំឱ្យអ្នកគ្រួសារក្រីក្រនៅកម្ពុជាកើនឡើងដល់ជិត៧០ម៉ឺនគ្រួសារ ឬប្រមាណ៣លាននាក់។ តែទន្ទឹមនឹងការរកឃើញនូវចំនួន គ្រួសារក្រីក្របន្ថែមទៀតនេះ ក៏មានដកគ្រួសារមួយចំនួន ចេញពីបញ្ជីគ្រួសារក្រីក្រដែរ នៅពេលដែលពិនិត្យឃើញថា ពួកគាត់មានជីវភាពប្រសើរឡើង។

លោកបន្តថា ចាប់ពីឆ្នាំ២០២០មក ការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ត្រូវបានអនុវត្តជាប្រចាំតាមការស្នើសុំ ប្រសិនបើប្រជាពលរដ្ឋណាយល់ថាខ្លួនស្ថិតក្នុងភាពក្រីក្រ អាចដាក់ពាក្យស្នើសុំតាមរយៈមេភូមិ ឬមកមេឃុំ សង្កាត់ដោយផ្ទាល់ និងតាមរយៈសង្គមស៊ីវិលផ្សេងៗទៀត ដែលអាចជួយពួកគាត់ក្នុងការដាក់ពាក្យស្នើសុំនេះ ដើម្បីឱ្យឃុំសង្កាត់ ពិនិត្យមើលទៅលើពាក្យស្នើសុំនេះ មុននឹងចុះទៅសុំសម្ភាស និងអនុម័តថាពួកគាត់ជាប់ជាគ្រួសារក្រីក្រ។

លោកបានពន្យល់បន្ថែមថា «វាមានអត្ថប្រយោជន៍សំខាន់ ទី១ ក្នុងករណីគ្រួសារក្រីក្រគាត់មានបញ្ហាសុខភាព គាត់មានប័ណ្ណសមធម៌ស្រាប់ គាត់ទៅមន្ទីរពេទ្យ គឺគេមិនយកប្រាក់ទេ ដោយសារមានថវិកាឧបត្ថម្ភជំនួសពីរដ្ឋាភិបាល និងថវិការបស់ជំនួយផ្សេងៗ។ ចំពោះគាត់មានកម្មវិធីអីក្នុងគ្រួសារដូចជាសមាជិកណាមួយមានផ្ទៃពោះអាចទទួលបានបានឧបត្ថម្ភណាមួយដោយមានលក្ខខណ្ឌដូចជាទៅពិនិត្យផ្ទៃពោះ បង្កើតកូននៅមន្ទីរពេទ្យឬយកកូនទៅចាក់ថ្នាំ គេនឹងផ្តល់ថវិកាជូនគាត់ ដែលនេះគឺជាការជួយឧបត្ថម្ភទាំងផ្នែកសុខភាព និងអាហារូបត្ថម្ភ និងសារៈសំខាន់មួយទៀត ក្នុងពេលរងផលប៉ះពាល់ពីកូវីដនេះ គឺគ្រួសារក្រីក្រទាំងអស់នេះ ទទួលបានការឧបត្ថម្ភ ថវិកា សម្រាប់សម្រាលជីវភាព»

សូមជម្រាបជូនថា យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម ដែលបានដាក់ឱ្យដំណើរការនៅពេលនេះ ត្រូវបានរៀបចំ ដោយឆ្លងកាត់ការពិគ្រោះពិភាក្សា ទាំងការជួបដោយផ្ទាល់ និងតាមប្រព័ន្ធប្រជុំពីចម្ងាយជាច្រើនលើកច្រើនសារ ដើម្បីប្រមូលធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ទោះស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមកយ៉ាងណាក្តី ៕