(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានស្នើឱ្យលោកចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលទើបតែឡើងកាន់តំណែងក្នុងអាណត្តិទី៥នាពេលនេះ ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

កាថ្លែងរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្ដមានរបស់ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង នៅក្នុងកម្មវីធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៃក្រុងស្វាយរៀង។

លោកបានផ្តាំឲ្យក្រុមប្រឹក្សាសង្កាត់ ត្រូវចេះសាមគ្គីភាពគ្នាក្នុងការដឹកនាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។

លោក សរ សុដានី ក៏បានកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៥ និងលោក លោកស្រី ជាចៅសង្កាត់ ចៅសង្កាត់រង ទាំងអស់ដែលបានទទួល នូវការស្រឡាញ់ពេញចិត្ដ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ដើម្បីបន្តដឹកនាំសង្កាត់ស្វាយតឿ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

លោកបានបន្តទៀតថា ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាយើង។

លោកបានជំរុញដល់ប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥កន្លងទៅនេះ លោក កែវ សាខន បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានជាប់បោះឆ្នោតធ្វើជាចៅសង្កាត់ស្វាយតឿ ក្នុងអាណត្តិនេះផងដែរ៕