(តាកែវ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីបើកគម្រោងផ្ដល់សេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជា ជូនប្រជាពលរដ្ឋទូទៅនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន៥០១នាក់ ដោយគម្រោងនេះរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា (ស.យ.ម.ក) ក្រោមជំនួយរបស់សមាគម សម្របសម្រួល និងអភិវឌ្ឍហ៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តានៃរដ្ឋកូវ៉ែត។

ពិធីនេះក៏មានការចូលរួមពីសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោក ឡា ឡៃ តំណាងអភិបាលខេត្តតាកែវ, ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តតាកែវ,តំណាងអភិបាលស្រុកបូរីជលសារ, តំណាងសមាគមទាំងពីរ, អាជ្ញាធរមូលដ្ឋាន, យុវជន ស.យ.ម.ក និងប្រជាពលរដ្ឋជាង ៥០០នាក់។

លោក សុះ សៅអុី ប្រធានសមាគមពិភពលោកនៃក្ដីមេត្តា បានសម្ដែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោលបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ប្រជាពលរដ្ឋទាំងអស់គ្នាដោយក្ដីនឹករលឹកជាទីបំផុត។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់សមាគមទាំងពីរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្ររបស់ ស.យ.ម.ក ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋ។

លោកក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។

លោក រ៉ូហ្វី អូស្មាន ក៏បានលើកពីរដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនាសម្រាប់ការថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន។ល។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការពារពីការឆ្លងកូវីដ-១៩ ព្រោះថ្មីៗនេះមេរោគនេះ ត្រូវបានឆ្លងក្នុងសហគមន៍វិញក្រោយស្ងប់ស្ងាត់មួយរយៈ។

គួរជម្រាបផងដែរថា កម្មវិធីនេះទទួលព្យាបាលលើជំងឺទូទៅ រោគស្រ្តី ជំងឺកុមារ ជំងឺភ្នែក និងធ្វើអេកូសាស្រ្ត ហើយក្នុងរណីដែលមានអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនឹងធ្វើការរៀបចំអ្នកជំងឺដើម្បីឲ្យទទួលបានការព្យាបាល នៅរាជធានីភ្នំពេញ។

ចុងបញ្ចប់នៃកម្មវិធី លោក រ៉ូហ្វី អូស្មាន បានឧបត្ថម្ភថវិកាជូនគណៈកម្មាការភូមិកំពង់យោល ដើម្បីជួសជុលដំបូលវិហារ ចំនួន២លានរៀល ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន៨០មុឺនរៀល ជូនយុវជន ស.យ.ម.ក ខេត្តតាកែវ ចំនួន ២០មុឺនរៀល និងជូនប្រជាការពារភូមិចំនួន ១០មុឺនរៀល៕