(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហោះសារអបអរសាទរ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានកៀរគរមូលនិធិ ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា។

ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសឈរជាមួយកម្ពុជាក្នុងការងារមនុស្សធម៌ ដើម្បីបញ្ហាមីននៅកម្ពុជា។

កាលពីម្សិលមិញ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏បានចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកៀរគរមូលនិធិសំខាន់ៗពីវិស័យឯកជន និងកាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់ការបោសសម្អាតមីន។

សូមបញ្ជាក់ថា តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានសប្បុរសជនបានប្រកាសបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

គិតត្រឹមម៉ោង១៖១៥នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ មានសប្បុរសជននានា បានចូលបរិច្ចាគថវិកាផ្ទាល់ មានចំនួន ១១លាន ៩៥ម៉ឺនដុល្លារ៕