(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំការរៀបចំអង្គមិទ្ទិញខួប៧១ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្សនៅទូទាំងស្រុកទាំងពីរនេះ។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែលត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងមានប្រភពចេញពីចលនាតស៊ូរបស់ប្រជាជនខ្មែរប្រឆាំងនឹងពួកអាណានិគម ដើម្បីទាមទារឯករាជ្យជូនជាតិកម្ពុជា។ ចាប់ពីពេលនោះមក កម្លាំងបក្សមួយនេះបានចូលរួមក្នុងបុព្វហេតុរំដោះជាតិ កសាងជាតិ រហូតដល់ដំណាក់កាលតស៊ូរំដោះប្រជាជននិងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩ និងបន្តស្វែងរកនិងថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជានិងប្រទេសដ៏កម្សត់មួយនេះ។ ទាំងអស់នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមិនអាចកាត់ផ្ដាច់បានឡើយពីគណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាគណបក្ស។

នាឱកាសអង្គមិទ្ទិញនោះ លោក ទិត ចន្ថា អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក បានឡើងអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួប៧១ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គមិទ្ទិញដែលមានអ្នកចូលរួមប្រមាណជាង៦០០នាក់បានស្ដាប់។

បន្ទាប់ពីនោះមក លោក ថោង ខុន ក៏បានលើកឡើងពីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ លោកថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានេះ គឺដោយសារគណបក្សមានសាមគ្គីផ្ទៃក្នុងរឹងមាំ បូករួមនឹងកិច្ចខិតខំរបស់គណបក្ស និងគុណសម្បត្តិជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកប្រធានក៏បានពាំនាំការផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំបក្ស សមាជិកបក្ស ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានរួមគ្នាខិតខំធ្វើឱ្យសម្រេចបាននូវជ័យជម្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅ។

ក្រៅពីនេះ លោកប្រធាន ថោង ខុន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំគណបក្សនៅតាមស្រុក ឃុំ ភូមិ ត្រូវខិតខំពង្រីកសមាជិកបន្ថែមទៀត ពិសេសត្រូវបញ្ចូលកម្លាំងយុវជនទៅក្នុងសមាជិកគណបក្ស ដើម្បីបង្កើនកម្លាំងបក្សបន្ថែម ឈានទៅសម្រេចបានជ័យជម្នះបន្តទៀតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០២៣ខាងមុខ។

លោកបានណែនាំឱ្យយកចិត្តទុកដាក់ចំពោះប្រជាជនអ្នកចំណាកស្រុក ក៏ដូចជាយុវជនជំនាន់ថ្មី ដើម្បីបន្តការកសាងសមាជិក និងកម្លាំងបក្សបន្ថែមទៀតផងដែរ។

លោកក៏បានលើកឡើងដែរថា «ទោះបីកសាងសមាជិកបក្សបានហើយក៏ពិតមែន តែក៏ត្រូវក្ដាប់ឱ្យបាននូវសតិអារម្មណ៍នយោបាយរបស់សមាជិកបក្ស និងជួយដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់ តាមរយៈការផ្ដល់សេវាសាធារណៈនៅតាមមូលដ្ឋាន ដាច់ខាតកុំធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ ហើយត្រូវចេះពន្យល់ប្រាប់ប្រជាជននូវអ្វីដែលធ្វើមិនទាន់បាន»។

ចំពោះការសន្យាជូនប្រជាជនកាលពីមុនការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ គឺត្រូវប្រញាប់ប្រញាល់ធ្វើជូនប្រជាជនឱ្យបានឆាប់ ដើម្បីទាក់ទាញការគាំទ្រនិងជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ដែលនឹងជួយនាំជ័យជម្នះបន្តទៀតសម្រាប់ការបោះឆ្នោតខាងមុខ។

ជាមួយគ្នានោះដែរ លោកប្រធាន ថោង ខុ ន ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងអ្នកដែលគ្រប់អាយុហើយតែមិនទាន់បានចុះឈ្មោះ គឺត្រូវត្រៀមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។ លោកក៏បានផ្ដាំផ្ញើឱ្យក្រុមការងារគណបក្សជួយជំរុញកិច្ចការងារនេះជូនប្រជាពលរដ្ឋឱ្យបានផុសផុល ដើម្បីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានផង និងជួយកសាងកម្លាំងបក្សបន្ថែមផង៕