(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងផ្តល់ផ្លូវបេតុងមួយខ្សែចូលទៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិខេត្តព្រះសីហនុ ប្រហែលប្រវែង៣៥០ម៉ែត្រ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យពីស្ថានភាពទូទៅ និងដំណើរការផ្សាយរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិខេត្តព្រះសីហនុ ក្នុងបរិវេណនៃមន្ទីរព័ត៌មាន ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២។

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ តាំងនាមឲ្យមន្រី្តរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តពិតជាមានភាពរីករាយ ក្រៃលែង ហើយនេះគឺជាចំណងដៃមួយដែលមិនអាចកាត់ថ្លៃបានបង្ហាញការយកចិត្តទុកដាក់ពី សុខទុក្ខរបស់លោកអភិបាលខេត្ត ចំពោះមន្តី្ររាជការទាំងអស់។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ សូមគោរពថែ្លងអំណរគុណ និងគោរពជូនពរដល់លោកអភិបាលខេត្ត និងក្រុមគ្រួសារ មានសុខភាពល្អមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាឧត្តមប្រយោជន៍សំរាប់ ប្រជាជនក្នុងខេត្តព្រះសីហនុយើងទាំងអស់គ្នា៕