(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ ទប់ស្កាត់ការកាប់ទន្ទ្រានហ៊ុព័ទ្ធយកដីរដ្ឋ ក្នុងក្រវ៉ាត់ព្រំដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ពីសំណាក់ក្រុមមេខ្យល់ ជនខិលខូច ដើរកៀងគរឲ្យប្រជាពលរដ្ឋស្លូតត្រង់ចូលព្រៃកាប់ទន្ទ្រានយកដីរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន CHPB ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក គង់ គឹមនី បានបញ្ជាក់ថា អាជ្ញាធរខេត្តក្រចេះ នឹងចាត់វិធានការក្តៅលើមេខ្យល់ និងបក្ខពួក ដែលបានកៀងគរពលរដ្ឋចូលមកកាប់រៀនដីរបស់រដ្ឋ។ ការអះអាងរបស់អាជ្ញាធរ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋជាច្រើនគ្រួសារមានកាន់កាំបិត ពូថៅ វាស់វែងដី ជាដើម បានប្រមូលគ្នាចូលកាប់ទន្ទ្រានដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន CHPB និងវាស់វែងបោះបង្គោលព្រំក្បាលដីចែកគ្នាធ្វើជាកម្មសិទ្ធិ ដោយពលរដ្ឋទាំងនោះសំអាងថាដីនេះជាដីរបស់រដ្ឋ។

លោកបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរខេត្ត មិនបណ្ដែតបណ្ដោយឲ្យបុគ្គលរូបនេះ និងបក្ខពួក ធ្វើសកម្មភាពតាមតែចិត្តចង់បាន តាមអំពើចិត្តបានឡើយ។ លោកថា យើងត្រូវអនុវត្តទៅតាមបរិបទសង្គម និងបរិបទមាតុភូមិ តើត្រូវដោះស្រាយ ឬសម្របសម្រួលបែបណាឲ្យច្រើនជាងការអនុវត្តច្បាប់ ពោលគឺដោះស្រាយបញ្ហាពីធំ បង្រួមទំនាស់ ពង្រីកការដោះស្រាយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន បានទទួលគោលការណ៍អនុញ្ញាតវិនិយោគដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលលើផ្ទៃដីទំហំ ៨,៦៨៦ហិកតា តាមលិខិតលេខ ៥១០ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅសល់ផ្ទៃដីប្រហែល ២,៦៨៦ហិកតា។

អាជ្ញាធរភូមិ ឃុំ បានស្នើសុំឲ្យអាជ្ញាធរខេត្ត ឲ្យមានចំណាត់ការយ៉ាងម៉ឹងម៉ាត់ទៅលើបុគ្គលឈ្មោះ កែន អុល និងបក្ខពួក ដែលកំពុងតែកាប់ទន្ទ្រានយកដីក្រុមហ៊ុនយ៉ាងអនាធិបតេយ្យ ដោយដើរប្រមូលយកលុយពីប្រជាពលរដ្ឋជាថ្នូរ ក្នុង១ក្បាលដី ទំហំ៥០ម៉ែត្រ តម្លៃចាប់ពី ១លាន ទៅ៣លានរៀល និងជេរប្រមាថមកលើអាជ្ញាធរ ដោយចោទថាយកដីលក់ឲ្យក្រុមហ៊ុន ថែមទាំងអះអាងថា ខ្លួនជាអ្នករំដោះដីយកចែកជូនឲ្យប្រជាពលរដ្ឋដែលខ្វះខាតដីថែមទៀតផង។

អាជ្ញាធរខេត្ត បានបញ្ជាក់ទៀតថា ករណីប្រជាពលរដ្ឋក្រីក្រ អត់ដី ខ្វះខាត់ដី សម្រាប់ប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ សូមអញ្ជើញដាក់ពាក្យស្នើរសុំ ដីសម្បទានសង្គមកិច្ច នៅតាមភូមិ ឃុំដើមដែលខ្លួនរស់នៅ ហើយគណៈកម្មាធិការប្រើប្រាស និងបែងចែកដីថ្នាក់ខេត្ត បានកំណត់ទីតាំង ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រែភ្នី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ៕