(ភ្នំពេញ)៖ ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង ខណៈយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកក្កដានេះថា ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

លោកបន្តថា ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់ មានចំនួន ៤៤៩០គ្រឿងហើយ បានទៅកែចង្កូតពីស្តាំមកឆ្វេង និង បានបង្វែរប្រាក់កក់មកជាប្រាក់ពន្ធបង់ ចូលថវិកាជាតិ និងរថយន្តចង្កូតស្តាំប្រមាណ ២៥០៩គ្រឿងទៀត ស្ថិតក្នុងដំណាក់កាលកែ ចង្កូតនៅតាមយាន្តដ្ឋាននានា។

លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលពន្ធ ពីរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងឈប់ទទួលការមកបង់ពន្ធ និងប្រាក់កក់ទៀតហើយ និងមិនមានការពន្យារពេលទៀតនោះទេ។ យចាប់ពីខែកក្កដានេះទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការការបង្រ្កាបឱ្យបានតឹងរ៉ឹង និងម៉ត់ហ្មត់បំផុត ជាមួយនឹងការផាកពិន័យផងដែរ៕